ខណៈពិភពលោកកំពុងមានវិបត្តិជំងឺកូវីដ ១៩ ស្រាប់តែតួលេខអ្នកវះកាត់កែសម្ផស្សបានកើនឡើងខ្ពស់ ព្រោះហេតុផលមួយនេះ
ខណៈដែលពិភពលោកទាំងមូលកំពុងរងនូវវិបត្តិនៃជំងឺកូវីដ ១៩ ធ្ងន់ធ្ងរនោះ ស្រាប់តែមានរបាយការណ៍មួយបង្ហាញថា តួលេខនៃការវះកាត់កែសម្ផស្សបានកើនឡើងខ្ពស់ជាងធម្មតាស្របពេលដែលសេដ្ឋកិច្ចប្រទេសនិងពលរដ្ឋជាច្រើនបាននាក់ធ្លាក់ចុះ។ បើតាមរបាយការណ៍មួយបានចុះផ្សាយនៅក្នុងសារព័ត៌ South China Morning Post បានបង្ហាញថា ក្នុងអំឡុងពេលកើតមានវិបត្តិជំងឺកូវីដ ១៩ នេះ តួលេខអ្នកវះកាត់កែសម្ផស្សនៅអាមេរិកបានកើនឡើងជាង ១០ ភាគរយ បើធៀបទៅនឹងតួលេខវះកាត់កែសម្ផស្សធម្មតាមុនពេលជំងឺកូវីដ ១៩ ចូលមកដល់។ ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតល្បីៗ ដែលមានបណ្តាញគ្លីនិកវះកាត់កែសម្ផស្សនៅទូទាំងសហរដ្ឋអាមេរិក ហើយកន្លែងដែលមានការកើនឡើងគួរឲ្យគាត់សម្គាល់នោះមានដូចជា ក្រុង Los Angeles, New York, Atlanta និង Texas។

របាយការណ៍ដដែលនេះបានបង្ហាញថា សេវាកម្មវះកាត់កែសម្ផស្សដែលបានកើនឡើងនោះមានដូចជា វះកាត់បង្រួមដើមទ្រូង វះកាត់បបូរមាត់ វះកាត់ខ្លាញ់នៅក្រោមក វះកាត់ក្បាលសុដន់ វះកាត់ខ្លាញ់នៅលើរាងកាយ និងវះកាត់បង្រួមទ្វារមាសជាដើម។ អ្នកដែលនិយមទៅរកសេវាកម្មទាំងនេះភាគច្រើនត្រូវបានគេសម្គាល់ឃើញថា ជាក្រុមនារីដែលនិយមលេងខ្លួនតាមបែបស៊ីវិល័យ និងក្រុមតារាល្បីៗជាដើម។ ចំពោះមូលហេតុដែលជុំវិញឲ្យនិន្នាការនេះកើតមានឡើងក៏ព្រោះក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ ១៩ ពលរដ្ឋទាំងអស់តម្រូវឲ្យនៅតែក្នុងផ្ទះ មិនបានដើរចេញក្រៅ គ្មានសកម្មភាពកីឡា ហើយជំនួសមកវិញដោយការញ៉ាំអាហារច្រើន គេងច្រើន ស្រណុកច្រើន រហូតឡើងទម្ងន់ខូចរាងរៅអស់រលីង ហើយដោយសារពួគេចង់បានរាងស្អាតមកវិញក្នុងពេលដ៏ខ្លីនោះ ទើបការវះកាត់កែ សម្ផស្សបានក្លាយជាជម្រើសល្អបំផុតសម្រាប់ពួកគេតែម្តង៕

អត្ថបទ៖ ភក្តី
ប្រភព៖ South China Morning Post