ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតអនុរដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ត្រូវបានចាប់ខ្លួនពីបទអសមត្ថភាពក្នុងតួនាទីរបស់ខ្លួន ដែលធ្វើឱ្យមានការចំណាយខ្ជះខ្ជាយ និងការខាតបង់ទ្រព្យសម្បត្តិរដ្ឋ

    BY autoadmin August 15, 2020
    អតីតអនុរដ្ឋមន្រ្តីដឹកជញ្ជូនវៀតណាម ត្រូវបានចាប់ខ្លួនពីបទអសមត្ថភាពក្នុងតួនាទីរបស់ខ្លួន ដែលធ្វើឱ្យមានការចំណាយខ្ជះខ្ជាយ និងការខាតបង់ទ្រព្យសម្បត្តិរដ្ឋ

    យោងតាមប្រភពព័ត៌មាន VietNamNet បានឱ្យដឹងថា ភ្នាក់ងារប៉ូលីសស៊ើបអង្កេតក្រោមក្រសួងសន្តិសុខសាធារណៈ បានកាត់ទោសលោក ង្វៀន ហុងជឿង (Nguyễn Hồng Trường) អតីតអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនពីបទ «រំលោភលើបទបញ្ញត្តិស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ» ដែលគាត់បានធ្វើឱ្យខ្ជះខ្ជាយ និងខាតបង់។ ទីភ្នាក់ងារស៊ើបអង្កេតក៏បានអនុវត្តវិធានការនីតិវិធីប្រឆាំងនឹងជនជាប់ចោទ ៣នាក់ ផ្សេងទៀត ដោយក្នុងនោះមានអតីតរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក ឌិញ ឡាថាំង (Đinh La Thăng)។

    កាលពីខែកញ្ញា ឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តី ង្វៀន សឹនហ្វុក (Nguyễn Xuân Phúc) បានដកហូតតំណែងលោក ង្វៀន ហុងជឿង ពីតំណែងជាអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន ចន្លោះឆ្នាំ២០១១-២០១៥ និង ២០១៦-២០១៧ ដែលជាវិធានការឆ្លើយតបលើការរំលោភបំពានបទប្បញ្ញត្តិ ទាក់ទងនឹងសម្បត្តិរដ្ឋដែលស្ថិតក្រោមការមើលការខុសត្រូវរបស់ក្រសួងនេះ។ សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្រ្តី បានអនុវត្តតាមសកម្មភាពរបស់លេខាធិការបក្សក្នុងខែមិថុនា ឆ្នាំ២០១៩ ដោយដកលោក ង្វៀន ហុងជឿង ចេញពីក្រសួងដឹកជញ្ជូនសម្រាប់ឆ្នាំ ២០១១-២០១៦ និង ២០១៦-២០២១។

    យោងតាមលេខាធិការដ្ឋានលោក ង្វៀន ហុងជឿង ត្រូវតែទទួលខុសត្រូវចំពោះការរំលោភបំពាន និងការខាតបង់របស់អង្គភាពបក្សក្នុងអំឡុងពេលបំពេញមុខងារជាអនុរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការដឹកនាំសម្រាប់កំណែទម្រង់ និងអភិវឌ្ឍន៍សហគ្រាសក្រោមក្រសួង។ លោកត្រូវទទួលខុសត្រូវចំពោះការសម្រេចចិត្តរបស់លោក ចំពោះកិច្ចការសហគ្រាសដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងដឹកជញ្ជូន។

    ជាមួយគ្នានេះដែរលោកបានអនុញ្ញាតឱ្យសាជីវកម្មអាកាសចរណ៍វៀតណាម (Vietnam Airlines Corporation) អនុវត្តសកម្មភាពមួយចំនួនដែលបានប្រឆាំងនឹងច្បាប់សហគ្រាសឆ្នាំ២០១៣ និងបទប្បញ្ញត្តិផ្សេងទៀត។ ដោយសារកង្វះការត្រួតពិនិត្យ អាជីវកម្មមួយចំនួនដែលគាត់បានត្រួតពិនិត្យត្រូវបានគេរកឃើញថា មានកំហុសធ្ងន់ធ្ងរដែលធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិសម្រាប់រដ្ឋ។ ការរំលោភបំពានរបស់គាត់គឺធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់កិត្យានុភាពនៃអង្គភាពបក្ស និងខ្លួនគាត់ផ្ទាល់។

    លោកក៏ធ្លាប់ធ្វើជាអនុរដ្ឋមន្រ្តីក្រសួងគមនាគមន៍អស់រយៈពេល ១០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៧ ហើយមុននោះទៅទៀត លោកធ្លាប់ជាអនុប្រធានខេត្ត Nghe An ដែលជាស្រុកកំណើតរបស់គាត់នៅភាគខាងជើងប្រទេសវៀតណាម។ បន្ទាប់ពីចូលនិវត្តន៍ លោកត្រូវបានតែងតាំងជាប្រធានសមាគមសុវត្ថិភាពចរាចរណ៍វៀតណាមនៅចុងឆ្នាំ ២០១៧ ៕

    ង្វៀន ហុងជឿង

    ឌិញ ឡាថាំង

    អត្ថបទ៖ លីដា
    ប្រភព៖ Vietnam Net

    Share This Post: