នាយករដ្ឋមន្រ្តីចិន ប្រកាសថានឹងផ្ដល់អាទិភាពដល់ប្រទេសនៅជុំវិញទន្លេមេគង្គ នៅពេលដែលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ខ្លួនផលិតរួចរាល់
នាយករដ្ឋមន្រ្តីចិនលោក Li Keqiang (លី គឺឈាំង) នៅថ្ងៃច័ន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០ បានមានប្រសាសន៍ថា ប្រទេសចិននឹងផ្តល់អាទិភាពដល់បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ចំពោះការទទួលបាននូវវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 នៅពេលមួយដែលវ៉ាក់សាំងរបស់ចិនត្រូវបានបង្កើតឡើង និងដាក់ឱ្យប្រើប្រាស់។ លោក លី គឺឈាំង បានធ្វើការកត់សម្គាល់បែបនេះ នៅពេលគាត់ចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសហប្រតិបត្តិការ ឡានឆាង-មេគង្គ (Lancang-Mekong) លើកទី៣ តាមរយៈការជួបតាមវីដេអូ។

លោកបាននិយាយថា ប្រទេសចិននឹងបង្កើតមូលនិធិពិសេសដើម្បីលើកកម្ពស់សុខភាពសាធារណៈ ក្រោមក្របខ័ណ្ឌនៃមូលនិធិ LMC Special Fund និងបន្តផ្តល់នូវសម្ភារៈប្រឆាំងនឹងការរាតត្បាត និងការគាំទ្រផ្នែកបច្ចេកទេសដល់បណ្តាប្រទេសមេគង្គ។ ដោយសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតជាសកល លោក លី គឺឈាំង បានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយបណ្តាប្រទេសមេគង្គ ដើម្បីគាំទ្រដល់ការងាររបស់អង្គការសុខភាពពិភពលោក (WHO) ។
នាយករដ្ឋមន្រ្តីចិនរូបនេះក៏បានប្រកាសដែរថា ប្រទេសចិននឹងចែករំលែកព័ត៌មានធារាសាស្រ្តប្រចាំឆ្នាំសម្រាប់ទន្លេឡានឆាងជាមួយបណ្តាប្រទេសមេគង្គ ដែលចាប់ផ្តើមពីឆ្នាំនេះតទៅ ដើម្បីដោះស្រាយការផ្លាស់ប្តូរអាកាសធាតុ ក៏ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត។ លោក លី គឺឈាំង បានហៅប្រទេសទាំង ៦ នៅជុំវិញទន្លេឡានឆាង-មេគង្គ ថាជាសហគមន៍មួយមានអនាគតរួមគ្នា ដោយមានខ្សែទឹកតែមួយ ហើយនិយាយថា កិច្ចសហប្រតិបត្តិការរបស់ពួកគេមានប្រភពចេញពីទឹក ដែលជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការ និងភាពសម្បូរបែបនៃមិត្តភាពរបស់ LMC, អត្ថប្រយោជន៍ទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ផ្តួចផ្តើមដោយប្រទេសចិនក្នុងឆ្នាំ២០១៤ LMC រួមមានប្រទេសចំនួន ៦ គឺប្រទេសចិន កម្ពុជា មីយ៉ាន់ម៉ា ឡាវ ថៃ និងវៀតណាម។ ទន្លេ ឡានឆាង មានប្រភពនៅលើខ្ពង់រាប ឈីងហៃ- ទីបេ នៅភាគនិរតីនៃប្រទេសចិន។ វាត្រូវបានគេហៅថា ទន្លេមេគង្គ ខណៈដែលវាហូរកាត់ប្រទេសចំនួន ៥ ផ្សេងទៀត មុនពេលហូរចុះចូលទៅក្នុងសមុទ្រ៕


អត្ថបទ៖ លីដា
ប្រភព៖ CGTN