ការតវ៉ាថ្មីមួយបានផ្ទុះឡើងនៅទីក្រុង Kenosha សហរដ្ឋអាមេរិក បន្ទាប់ពីប៉ូលីសរបស់ទីក្រុងបានបាញ់ជាច្រើនគ្រាប់ ទៅលើបុរសស្បែកខ្មៅម្នាក់
អាមេរិក៖ មានការតវ៉ាថ្មីមួយទៀតបានផ្ទុះឡើងនៅទីក្រុង Kenosha នៃរដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក បន្ទាប់ពីមានករណីប៉ូលីសរបស់ទីក្រុងនោះ បានបាញ់បុរសស្បែកខ្មៅម្នាក់នៅទីនោះ ដែលវាបានបង្កជាកំហឹងសាធារណៈថ្មីមួយទៀត បន្ទាប់ពីការស្លាប់របស់លោក George Floyd ដែលលោកបានទទួលមរណភាពដោយសារប៉ូលីសនៅរដ្ឋ Minnesota ធ្វើការសង្កត់-ក កាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅនេះ។ ជម្រាបដែរថា ការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកជុំវិញការស្លាប់របស់លោក George Floyd ស្ទើរតែមិនទាន់រលត់បាត់ទៅផង ឥឡូវនេះក៏ស្រាប់តែមានករណីបាញ់ទៅលើជនស្បែកខ្មៅម្នាក់ទៀតពីសំណាក់ប៉ូលីសអាមេរិក។

យ៉ាងណាក៏ដោយភ្លាមៗនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលឈានដល់ការបាញ់ទៅលើបុរសស្បែកខ្មៅនោះទេ ប៉ុន្តែបុរសរងគ្រោះត្រូវបានក្រុមប៉ូលីសបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ឥឡូវនេះអ្នកតវ៉ាកំពុងប្រមូលផ្ដុំគ្នាច្រើនឡើងនៅកន្លែងកើតហេតុ ដោយមានទាំងការគប់ដុំថ្ម និងគ្រាប់បែកសាំងមកលើក្រុមប៉ូលីស ដែលធ្វើឱ្យមន្ត្រីរដ្ឋត្រូវដាក់បំរាមគោចរជាបណ្ដោះអាសន្ន។ ចំណែកជនរងគ្រោះវិញ ត្រូវបានគេស្គាល់ឈ្មោះថា Jacob Blake, ត្រូវបានប៉ូលីសបាញ់ជាច្រើនកន្លែង កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ហើយពេលនេះគាត់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នាយកដ្ឋានយុត្តិធម៌រដ្ឋ Wisconsin ក៏បានឱ្យដឹងដែរថា ពួកគេបានផ្អាកការងារប៉ូលីសដែលជាប់ពាក់ព័ន្ធនឹងករណីនេះរួចហើយដែរ ប៉ុន្តែនៅមិនទាន់បញ្ជាក់ពីមូលហេតុដើមទងនោះទេ៕




អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ