ដើម្បីក្រពេះ សុខចិត្តប្រថុយគ្រោះថ្នាក់អោបកូនជិះខ្សែកាបឆ្លងទន្លេរៀងរាល់ថ្ងៃទៅរកស៊ី
ព្រោះតែគ្មានស្ពានសម្រាប់ដើរឆ្លងទន្លេ ស្រ្តីម្នាក់រួមជាមួយនឹងកូនតូចអាយុ២ឆ្នាំ បានសម្រេចជិះខ្សែកាបឆ្លងទន្លេជារៀងរាល់ថ្ងៃ ដើម្បីធ្វើដំណើរទីផ្សារប្រកបរបរចិញ្ចឹមជីវិត។ ស្រ្តីរូបនេះមានឈ្មោះថា Cha Huilan អាយុ៤០ឆ្នាំ រស់នៅក្នុងភូមិដាច់ស្រយាលមួយក្នុងក្រុង Lazimi ភាគខាងត្បូងប្រទេសចិន។
ស្ត្រីរូបនេះបានឲ្យដឹងថា គាត់បានធ្វើដំណើរដូចនេះជារៀងរាល់ថ្ងៃ បើទោះជាវាត្រូវប្រឈមនឹងគ្រោះថ្នាក់ក៏ដោយ តែវាជាវិធីតែមួយគត់ ដែលនាងអាចធ្វើដំណើរឆ្លងទន្លេនេះបាន។ ជាក់ស្តែងនៅក្នុងថ្ងៃ ដែលគេថតរូបគាត់បាននេះ គឺគាត់ត្រូវទៅទិញថ្នាំឲ្យកូនរបស់គាត់នៅឯផ្សារ ដូចនេះទោះជាត្រូវប្រឈមនឹងគ្រោះថ្នាក់ក៏គាត់ត្រូវតែទិញថ្នាំឲ្យកូនដែរ។
តាមរយៈសារព័ត៌មាននេះ ស្រ្តីរូបនេះបានស្នើសុំឲ្យរដ្ឋាភិបាលជួយកសាងស្ពានមួយសម្រាប់ឆ្លងកាត់ទន្លេនេះ ព្រោះថារាល់ថ្ងៃមិនមែនតែនាងទេដែលត្រូវប្រឈមនឹងការលំបាកនេះ តែនៅមានប្រជាជនជាច្រើនទៀតក្នុងភូមិរបស់នាង ជាពិសេសគឺក្មេងៗតែម្តងដែលត្រូវការស្ពានជាចាំបាច់៕
ប្រភព៖ businessinsider

