សិស្សច្បងសាកលវិទ្យាល័យក្នុងប្រទេសថៃម្នាក់ត្រូវប៉ូលិសចាប់ខ្លួន បន្ទាប់ពីខ្លួនបានដាក់ទណ្ឌកម្មឲ្យសិស្សប្អូនម្នាក់រត់ជុំវិញសាកលវិទ្យាល័យរហូតដាច់ខ្យល់ស្លាប់
ថៃ៖ និស្សិតឆ្នាំទី ៤ នៃសាកលវិទ្យាល័យ Phuket Rajabhat ប្រទេសថៃម្នាក់ត្រូវបានប៉ូលិសចាប់ខ្លួន បន្ទាប់ពីរូបគាត់បានដាក់ទណ្ឌកម្មចំពោះសិស្សប្អូនម្នាក់រហូតស្លាប់បាត់បង់ជីវិតនៅក្នុងបរិវេណសាកលវិទ្យាល័យ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ស្រ្តីជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនោះមានឈ្មោះថា Eaddam អាយុ ១៩ ឆ្នាំ ជានិស្សិតឆ្នាំទី ១ សិក្សាផ្នែកមនុស្សជាតិ ហើយក្រៅពីម៉ោងសិក្សានាងក៏បានចូលហ្វឹកហាត់ជាក្រុមរាំសម្រាប់អបអរព្រឹត្តិការណ៍កីឡា (cheerleading) ផ្សេងៗប្រចាំសាលកវិទ្យាល័យផងដែរ ដោយការហ្វឹកហាត់របស់នាងត្រូវស្ថិតក្រោមការត្រួតពិនិត្យពីសំណាក់រៀមច្បងដែលជានិស្សិតឆ្នាំទី ៤។

ស្រ្តីជនរងគ្រោះ
ប្រភពខាងលើបានបន្តថា ក្នុងអំឡុងពេលហ្វឹកហាត់នោះនាងបានបង្កើតកំហុសចំនួន ៨ ហើយរូបនាង ត្រូវដាក់ទណ្ឌកម្មឲ្យរត់ជុំវិញអគារសាកលវិទ្យាល័យចំនួន ៨ ជុំ។ យ៉ាងណាក្តី បន្ទាប់ពីរត់បានតែ ៦ ជុំ ស្រ្តីរងគ្រោះក៏បានកើតមានបញ្ហាបេះដូងនិងបានដួលស្លាប់ភ្លាមៗតែម្តង។ ក្រោយកើតហេតុប៉ូលិសថៃបានឃាត់ខ្លួននិស្សិតឆ្នាំទី ៤ ម្នាក់ដែលជាអ្នកដាក់ទណ្ឌកម្មចំពោះស្រ្តីរងគ្រោះខាងលើពីបទធ្វេសប្រហែលបង្កឲ្យមានមនុស្សស្លាប់ ហើយបើយោងតាមច្បាប់នៃប្រទេសថៃនិស្សិតរូបនេះអាចប្រឈមនឹងការជាប់គុករហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ម៉ឺនបាត (៦៣៦ ដុល្លារអាមេរិក) ទៀតផង៕

ក្រុមរាំសម្រាប់អបអរព្រឹត្តិការណ៍កីឡា (រូបតំណាង)
អត្ថបទ៖ ភក្តី
ប្រភព៖ Bangkok Post