ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    FACEBOOK គ្រោងដាក់បណ្ដឹងប្រឆាំងរដ្ឋាភិបាលថៃ ជុំវិញការទាមទារឱ្យបណ្ដាញសង្គមមួយនេះ បិទ Group ដែលរិះគន់របបរាជានិយម

    BY autoadmin August 25, 2020
    FACEBOOK គ្រោងដាក់បណ្ដឹងប្រឆាំងរដ្ឋាភិបាលថៃ ជុំវិញការទាមទារឱ្យបណ្ដាញសង្គមមួយនេះ បិទ Group ដែលរិះគន់របបរាជានិយម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា FACEBOOK គ្រោងនឹងដាក់បណ្ដឹងប្រឆាំងរដ្ឋាភិបាលរបស់ប្រទេសថៃ ជុំវិញការទាមទារឱ្យបណ្ដាញសង្គមយក្សមួយនេះ រារាំងមិនឱ្យអ្នកប្រើប្រាស់នៅប្រទេសថៃអាចចូលទៅក្នុង Group មួយឈ្មោះថា Royalist Marketplace ដែលមានសមាជិកសរុបជាង ១លាននាក់។ Group ឬក្រុមជជែកមួយនោះបានបង្កើតឡើងដោយលោក Pavin Chachavalpongpun គឺជាអ្នករិះគន់របបរាជានិយម ដែលកំពុងនិរទេសខ្លួននៅប្រទេសជប៉ុន។

    អ្នកនាំពាក្យរបស់ FACEBOOK បានប្រាប់ CNN ថា៖«បន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងប្រុងប្រយ័ត្ន FACEBOOK បានកំណត់ថា យើងត្រូវបានបង្ខំឱ្យរឹតត្បិតការចូលប្រើមាតិកាដែលរដ្ឋាភិបាលថៃបានចាត់ទុកថាខុសច្បាប់» ដែលសំដៅទៅលើការសម្រេចចិត្តរបស់ខ្លួន ក្នុងការប្លុកមិនឱ្យអ្នកប្រើប្រាស់អាចចូលក្រុម Royalist Marketplace តទៀតបាន។ FACEBOOK បាននិយាយថា ខ្លួនបានទទួលរងសម្ពាធពីរដ្ឋាភិបាលថៃ ដើម្បីឱ្យមានការរឹតត្បឹតពាក្យពេចន៍នយោបាយមួយចំនួននៅក្នុងប្រទេសថៃ។ រដ្ឋាភិបាលថៃថែមទាំងបានគំរាមប្រើនីតិវិធីព្រហ្មទណ្ឌ ដើម្បីប្រឆាំងអ្នកតំណាង FACEBOOK នៅឯប្រទេសថៃទៀតផង។

    នៅក្រោមច្បាប់របស់ប្រទេសថៃ ការបរិហារកេរ្តិ៍ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី អ្នកស្នងមរតក ឬរាជានុវង្ស អាចមានន័យថាត្រូវជាប់គុក ១៥ឆ្នាំ។ ច្បាប់នេះត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយកាន់តែខ្លាំងឡើងៗ ខណៈដែលក្រុមបាតុកររាប់ពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅតាមដងផ្លូវនានា ក្នុងរដ្ឋធានីបាងកកនាប៉ុន្មានរយៈនេះ ដោយទាមទារឱ្យមានការកែទម្រង់របបរាជាធិបតេយ្យមួយចំនួនរបស់ប្រទេសនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: