កីឡាករបាល់ទាត់ Ronaldinho ត្រូវបានតុលាការប៉ារ៉ាហ្គាយសម្រេចដោះលែងឲ្យមានសេរីភាពវិញ ក្រោយជាប់ឃុំឃាំងរយៈពេល៥ខែ ដោយសារប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ
ប៉ារ៉ាហ្គាយ៖ ទីបំផុតទៅកំពូលកីឡាករបាល់ទាត់ប្រេស៊ីលគឺកីឡាករ Ronaldinho ត្រូវបានតុលាការនៃប្រទេសប៉ារ៉ាហ្គាយសម្រេចដោះលេងចេញពីការឃុំឃាំងវិញហើយ កាលពីថ្ងៃច័ន្ទ ទី ២៤ កន្លងទៅនេះ បន្ទាប់ពីកីឡាកររូបនេះត្រូវបានផ្ដន្ទាទោសឲ្យជាប់ឃុំឃាំងរយៈពេល ៥ ខែ ជុំករណីប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយសម្រាប់ធ្វើដំណើរចូលទៅកាន់ប្រទេសប៉ារ៉ាហ្គាយ។

សូមបញ្ជាក់ជូនថា គីឡាករ Ronaldinho គឺជាកីឡាករបាល់ទាត់ឆ្នើមរបស់ប្រទេសប្រេស៊ីលហើយកីឡាកររូបនេះធ្លាប់បាន់ឈ្នះពានរង្វាន់សំខាន់ៗជាច្រើននៅក្នុងអាជីពរបស់ខ្លួនដូចជាឈ្នះពាន់រង្វាន់ World Cup ឆ្នាំ ២០០២ ជាមួយក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះពានរង្វាន់បាល់ទាត់អាជីពរបស់ប្រទេសអេស្ប៉ាញជាមួយក្លឹបបាល់ទាត់ FC Barcelona ឈ្នះពាន់ពាន់រង្វាន់បាល់ទាត់អាជីពរបស់ប្រទេសអ៊ីតាលីជាមួយក្លឹប AC Milan និងឈ្នះពាន់រង្វាន់សំខាន់ៗជាច្រើនទៀតនៅប្រទេសប្រេស៊ីលនិងនៅតំបន់អ៊ីរ៉ុប។ តាមរយៈកេរ្តិ៍ឈ្មោះរបស់គាត់ កីឡាករ Ronaldinho ទទួលបានសិទ្ធធ្វើដំណើរទៅកាន់ប្រទេសណាមួយក៏បានដោយគ្មានការហាមឃាត់ ដោយគាត់គ្រាន់តែបំពេញលក្ខខណ្ឌមួយប៉ុណ្ណោះគឺផ្តល់ជូនដំណឹងផ្លូវការអំពីការស្នាក់នៅក្នុងរយៈពេល ១ ឆ្នាំចុងក្រោយរបស់គាត់មុនពេលធ្វើដំណើរ។
យ៉ាងណាក្តី កាលពីអំឡុងខែមីនាកន្លងទៅនេះកីឡាករ Ronaldinho រួមជាមួយនឹងបងប្រុសដែលជាអ្នកគ្រប់គ្រងផ្ទាល់របស់គាត់មានឈ្មោះថា Roberto de Assis Moreira បានបង្ហាញខ្លួននៅទឹកដីនៃប្រទេសប៉ារ៉ាហ្គាយដោយគ្មានព័ត៌មាននៃការស្នាក់នៅចុងក្រោយរបស់គាត់ទាល់តែសោះ ទើបតុលាការនៃប្រទេសប៉ារ៉ាហ្គាយសម្រេចចាប់ខ្លួនពួកគាត់តែម្តង។ បើតាមព័ត៌មានដែលគេធ្លាប់ទទួលបានកន្លងមកលោក Roberto de Assis Moreira ក៏បានរងនូវការចោទប្រកាន់ពីតុលាការប្រេស៊ីលផងដែរហើយរូបគាត់ត្រូវទៅបង្ហាញខ្លួនទៅតុលាការរៀងរាល់ ៤ ខែ ម្តង រយៈពេល ២ ឆ្នាំ។
ទន្ទឹមនឹងការដោះលែងនេះកីឡាករ Ronaldinho ត្រូវបង់ប្រាក់ចំនួន ៩០ ០០០ ដុល្លារអាមេរិកទៅកាន់តុលាការប៉ារ៉ាហ្គាយ។ ដោយឡែកបងប្រុសរបស់គាត់ ដែលបានទទួលទោសជាប់ឃុំឃាំងនៅពន្ធាគារ ១ខែ និងឃុំខ្លួននៅក្នុងសណ្ឋាគាររយៈពេល ៤ ខែនោះក៏ត្រូវបានតុលាការប៉ារ៉ាហ្គាយដោះលែងផងដែរដោយត្រូវពិន័យជាប្រាក់រហូតដល់ ១១០ ០០០ ដុល្លារអាមេរិកឯណោះ។ សូមបញ្ជាក់ជូនថា បងបង្អូនទាំង ២ នេះត្រូវបានតុលការប៉ារ៉ាហ្គាយចោទប្រកាន់ថាបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយក្នុងគោលបំណងធ្វើការសកម្មភាពលាងលុយកខ្វក់និងប្រព្រឹត្តិបទល្មើសផ្សេងៗទៀត ហើយបទល្មើសនេះត្រូវបានគេជឿថា គឺជាការរៀបចំរបស់លោក Roberto de Assis Moreira តែប៉ុណ្ណោះ ហើយកីឡាករ Ronaldinho មិនបានដឹងខ្លួនថា រូបគាត់បានប្រព្រឹត្តបទល្មើសឡើយ ៕



អត្ថបទ៖ភក្តី
ប្រភព៖ Straits Times