Royal Enfield ចាប់ដៃគូគ្នាជាមួយលោក Frost ZK ដើម្បីផ្សព្វផ្សាយពីម៉ូតូរបស់ខ្លួនអោយកាន់តែទូលំទូលាយ
មិនមានម៉ូតូច្រើននោះទេ ដែលអាចផ្ដល់នូវភាពសប្បាយរីករាយដូចម៉ូតូរបស់ Royal Enfield ហើយក៏គ្មានអ្នកស្រឡាញ់ងប់ជាមួយនឹងគ្រឿងម៉ាស៊ីនច្រើនជាងលោក Frost ZK ដែលជា Vlogger ចូលចិត្តការជិះរុករកនៅតាមតំបន់នានាក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាងជាបន្តបន្ទាប់។ គាត់បានលង់នឹងសម្រស់ដ៏ស្រស់ស្អាត និងប្រវត្តិរបស់យីហោ Royal Enfield ហើយចាប់តាំងពីគាត់បានទិញម៉ូតូរបស់ Royal Enfield ជាលើកដំបូងរួចមក ជីវិតរបស់គាត់ឥឡូវពោរពេញទៅដោយការផ្សងព្រេង។

មនុស្សមួយចំនួនធំ ជាពិសេសមិត្តយុវវ័យដែលចូលចិត្តការធ្វើដំណើរផ្សងព្រេងតាមព្រៃ ឬវាលភ្នំល្វឹងល្វើយប្រាកដជាបានស្គាល់តារា Facebook ល្បីឈ្មោះនិងជាអ្នកធ្វើវិដេអូ Vlog ដើរផ្សងព្រេងគឺលោក Frost ZK ដែលគិតមកដល់ពេលនេះអ្នកគាំទ្រនៅលើ Facebook របស់លោកមានចំនួនរហូតដល់ 13 ម៉ឺននាក់ហើយ។ Frost ZK តែងតែធ្វើវិដេអូដើរផ្សងព្រេង នៅតាមតំបន់ឆ្ងាយៗ ជាពិសេសតំបន់ដែលមានឧបសគ្គច្រើន ដែលធ្វើអោយវិដេអូរបស់គាត់ទាក់ចិត្តមិត្តយុវវ័យយ៉ាងខ្លាំង។

ថ្មីៗនេះដែរក្រុមហ៊ុន Royal Enfield បានបង្ហើបអោយដឹងថា ពួកគេនឹងធ្វើការចាប់ដៃគូគ្នាដោយយកលោក Frost ZK ធ្វើជាទូតសុឆន្ទៈ ហើយបច្ចប្បន្ន Frost ZK ក៏បានប្រើប្រាស់ម៉ូតូម៉ាក Himalayan ផងដែរ។ បើនិយាយពីម៉ូតូ Himalayan វិញវាត្រូវបានផលិតឡើងដោយតួប្រភេទ duplex split cradle និងដំឡើងជាមួយផលិតផល Harris Performance ធ្វើឱ្យវា មានស្ថេរភាព និងរហ័សរហួនគ្រប់ផ្នែកស្មើគ្នា។ Himalayan ត្រូវបានគេចាត់ទុកថាជាម៉ូតូ មានគុណសម្បត្តិជាច្រើនជាងអ្វីដែលយើងបានឃើញត្រឹមរូបរាងរបស់វា ហើយវាក៏ជាម៉ូតូដែលសាកសមបំផុតសម្រាប់អ្នកចូលចិត្តការធ្វើដំណើរផ្សងព្រេងផងដែរ។

ដូច្នេះហើយមិត្តយុវវ័យក៏ដូចជាអ្នកស្រលាញ់ការបើកម៉ូតូប្រាកដជាអន្ទៈសារក្នុងការទស្សនាវិដេអូផ្សងព្រេងរបស់ Frost ZK ជាមួយនឹងម៉ូតូ Royal Enfield Himalayan និងម៉ូដែលផ្សេងទៀតរបស់ Royal Enfield ថាតើវាអស្ចារ្យប៉ុណ្ណា ដូច្នេះសូមរង់ចាំទស្សនាវិដេអូរបស់ Frost ZK ទាំងអស់គ្នា៕
