ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្លាប់ ២នាក់ និងរបួសម្នាក់ នៅក្នុងការប្រឆាំងតវ៉ាជុំវិញករណីប៉ូលីសបាញ់ជនស្បែកខ្មៅជាច្រើនគ្រាប់ នៅទីក្រុង Kenosha របស់សហរដ្ឋអាមេរិក

    BY autoadmin August 26, 2020
    ស្លាប់ ២នាក់ និងរបួសម្នាក់ នៅក្នុងការប្រឆាំងតវ៉ាជុំវិញករណីប៉ូលីសបាញ់ជនស្បែកខ្មៅជាច្រើនគ្រាប់ នៅទីក្រុង Kenosha របស់សហរដ្ឋអាមេរិក

    យោងតាមសារព័ត៌មាន CNN បានឱ្យដឹងជាបឋមថា មានមនុស្សពីរនាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួស នៅទីក្រុង Kenosha រដ្ឋ Wisconsin បន្ទាប់ពីមានការបាញ់ប្រហារមួយកាលពីយប់ថ្ងៃអង្គារ (ម៉ោងនៅអាមេរិក) ។ ការបាញ់ប្រហារនេះបានកើតឡើងចំពេលមានការតវ៉ាក្នុងយប់ទី៣ ជុំវិញការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះថា Jacob Blake អាយុ ២៩ឆ្នាំ ដែលត្រូវបានប៉ូលីសក្នុងតំបន់ បានបាញ់គាត់ពីក្រោយជាច្រើនគ្រាប់ កាលពីល្ងាចថ្ងៃអាទិត្យ។ យ៉ាងណាក៏ដោយជនរងគ្រោះដែលរងរបួសត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ និងមិនមានការគំរាមកំហែងជីវិតនោះទេ។

    ការស៊ើបអង្កេតលើការបាញ់ប្រហារកំពុងបន្ត ហើយឈ្មោះនិងអាយុជនរងគ្រោះ នៅតែមិនទាន់ត្រូវបានគេកំណត់នៅឡើយ។ ប៉ូលីសប្រចាំតំបន់ Kenosha លោក David Beth បានប្រាប់កាសែត The New York Times ថាការិយាល័យរបស់លោកកំពុងស៊ើបអង្កេតថា តើការបាញ់ប្រហារនេះបណ្តាលមកពីជម្លោះរវាងបាតុករ និងក្រុមអ្នកដែលមានអាវុធដែលកំពុងការពារអាជីវកម្មរបស់ពួកគេ ឬយ៉ាងណា។ គួរឱ្យដឹងដែរថា ៣យប់ កន្លងមកនេះមានការប្រឆាំងតវ៉ាបានផ្ទុះឡើងបន្ដគ្នា ជុំវិញករណីប៉ូលីសបានបាញ់ទៅលើជនស្បែកខ្មៅ ដែលវាបានបង្កឱ្យមានកំហឹងសាធារណៈថ្មីមួយទៀត ខណៈដែលរឿងលោក George Floyed កាលពីលើកមុនមិនទាន់បានចប់ទៅវិញផង។


    លោក Jacob Blake និងកូនៗ

    ឥឡូវនេះរដ្ឋ Wisconsin បានប្រកាសអាសន្នក្នុងរដ្ឋ និងបានដាក់ពង្រាយកងសន្ដិសុខជាតិប្រមាណ ២៥០នាក់ ដើម្បីជាជំនួយ។ ចំណែកលោក Jacob Blake ដែលត្រូវបានប៉ូលីសបាញ់ជាច្រើនគ្រាប់ គឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមេធាវីរបស់គាត់បាននិយាយថា គាត់មិនអាចមានសង្ឃឹមថាដើររួចវិញនោះទេ។ ចំពោះមូលហេតុដែលនាំឱ្យមានការបាញ់ជាច្រើនគ្រាប់ពីសំណាក់ប៉ូលីសមកលើរូបគាត់ ក៏នៅតែមិនទាន់មានការបញ្ជាក់ច្បាស់លាស់នោះដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CNN

    Share This Post: