ប្រធានពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុបបានលាលែងពីតំណែង ដោយសាររំលោភលើបំរាមទប់ស្កាត់ជំងឺកូវីដ១៩
មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុបបានលាលែងពីតំណែង បន្ទាប់ពីគាត់បានរំលោភគោលការណ៍ណែនាំសុវត្ថិភាពទប់ស្កាត់ជំងឺ COVID-19 ហើយបានទទួលការរិះគន់យ៉ាងខ្លាំង។ ស្នងការទទួលបន្ទុកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបលោក Phil Hogan បានចូលរួមកម្មវិធីទទួលទានអាហារពេលល្ងាច និងវាយកូនហ្គោល កាលពីសប្តាហ៍មុននៅក្នុងប្រទេសអៀរឡង់ដែលជាប្រទេសកំណើតរបស់គាត់ ជាមួយមនុស្សប្រហែល ៨០នាក់ ដោយរំលោភលើការរឹតបន្តឹងរបស់ប្រទេសនេះ ចំពោះការធ្វើកម្មវិធីទ្រង់ទ្រាយធំ។

លោក Phil Hogan បានចេញលិខិតសុំទោស ប៉ុន្តែបានប្រឈមនឹងសម្ពាធកើនឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអៀរឡង់ និងអ្នកផ្សេងទៀតបានជំរុញឱ្យគាត់ពិចារណាចុះចេញពីតំណែង។ រដ្ឋមន្រ្តីខុទ្ទកាល័យអៀរឡង់ម្នាក់ដែលបានចូលរួមក្នុងពិធីជប់លៀងនោះ ក៏បានលាលែងពីតំណែងផងដែរ។ គណៈកម្មការអឺរ៉ុបបានទទួលយកលិខិតលាលែងពីតំណែងរបស់លោក Phil Hogan កាលពីថ្ងៃពុធ ហើយការចាកចេញរបស់លោក Phil Hogan នឹងក្លាយជាឧបសគ្គមួយសម្រាប់សហភាពអឺរ៉ុប ព្រោះលោកធ្លាប់ចូលរួមក្នុងកិច្ចចរចាពាណិជ្ជកម្មសេរីក្រោយ Brexit ជាមួយអង់គ្លេស និងកិច្ចពិភាក្សាពាណិជ្ជកម្ម ជាមួយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK