ចាប់បានក្មេងជំទង់អាយុ១៧ឆ្នាំម្នាក់ ពីបទបាញ់ប្រហារក្រុមបាតុករ ដែលបណ្ដាលឱ្យមនុស្ស ២នាក់ស្លាប់ និងម្នាក់រងរបួស
កាលពីម្សិលមិញនេះ CNN បានរាយការណ៍ជាបឋមថា មានការបាញ់ប្រហារទៅលើក្រុមបាតុករមួយបានកើតឡើង នៅឯក្រុង Kenosha រដ្ឋ Wisconsin របស់សហរដ្ឋអាមេរិក ដែលបានបណ្ដាលឱ្យបាតុករ ២នាក់ស្លាប់ និងម្នាក់រងរបួស។ ហេតុការណ៍នោះបានកើតឡើងនៅចំយប់ថ្ងៃទី៣ នៃការប្រឆាំងតវ៉ាចំពោះការស្លាប់របស់បុរសស្បែកខ្មៅម្នាក់ឈ្មោះថា Jacob Blake ដែលត្រូវបានប៉ូលីសក្នុងតំបន់ធ្វើការបាញ់ពីក្រោយជាច្រើនគ្រាប់ បណ្ដាលឱ្យគាត់រងរបួសធ្ងន់ធ្ងរ និងមិនសង្ឃឹមថាអាចដើររួចវិញបាននោះទេ។ ឥឡូវនេះអាជ្ញាធរចាប់ខ្លួនជនបង្កបានហើយ ដែលជាក្មេងប្រុសជំទង់ទើបតែមានអាយុ ១៧ឆ្នាំ ប៉ុណ្ណោះ។

ជនបង្កឈ្មោះថា Kyle Rittenhouse ត្រូវចាប់ខ្លួនបាននៅរសៀលថ្ងៃពុធ នៅឯស្រុកកំណើតរបស់ខ្លួន ក្នុងក្រុង Antioch រដ្ឋ Illinois ហើយត្រូវបានប៉ូលីសចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនាកម្រិតទី១។ របាយការណ៍តុលាការនិយាយថា ក្រោយកើតហេតុរួច ក្មេងប្រុសរូបនេះបានហោះចេញពីរដ្ឋ Wisconsin ដើម្បីគេចខ្លួន។ ចំណែកអ្នកដែលបានស្លាប់ទាំង ២នាក់ ត្រូវបានគេស្គាល់ឈ្មោះថា Anthony Huber និងម្នាក់ទៀតមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ។ ជនរងគ្រោះម្នាក់ទៀតដែលបានរងរបួសឈ្មោះថា West Allis អាយុ ៣៦ឆ្នាំ ជាអ្នករស់នៅក្នុងរដ្ឋ Wisconsin ហើយគាត់មិនបានរងរបួសប៉ះពាល់ដល់ជីវិតទេ៕











អត្ថបទ៖ លីដា
ប្រភព៖ Daily Mail