ឈ្លោះគ្នាជាមួយឪពុក កូនស្រីឡើងលើដំបូលអគារជាន់ទី២៥ លោតសម្លាប់ខ្លួន ឪពុកនៅខាងក្រោមចាំជួយចាប់កូនស្រី ចុងក្រោយស្លាប់ទាំង២នាក់ (មានវីដេអូ)
ចិន៖ ក្មេងស្រីអាយុ ១៥ ឆ្នាំបានលោតសម្លាប់ខ្លួនពីលើដំបូលអគារជាន់ទី ២៥ ហើយអ្វីដែលជារឿងអកុលសបំផុតនោះគឺឪពុករបស់នាងដែលនៅជាន់ផ្ទាល់ដី និងសុខចិត្តរត់មកទ្រនាងនោះក៏ត្រូវនាងធ្លាក់ចំពីលើខ្លួនមួយទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុផងដែរ ពោលគឺឪពុកកូនបានស្លាប់ក្នុងពេលតែមួយ។ បើយោងតាមការចុះផ្សាយនៅក្នុងសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងស្រុក Lu ខេត្ត Sichuan ភាគខាងត្បូងនៃប្រទេសចិន។

ប្រភពខាងលើបានបន្តថា មូលហេតុដែលជំរុញឲ្យក្មេងស្រីខាងលើសម្រេចចិត្តគិតខ្លីដូចនេះគឺដោយសារនាងមានជំលោះមួយនឹងឪពុករបស់នាង ដោយឪពុកនាងបង្ខំឲ្យនាងចូលរៀនថ្នាក់លេងព្យាណូ តែនាងបានប្រកែកដាច់ខាតព្រោះនាងមិនចូលចិត្តព្យាណូទាល់តែសោះ។ ដំបូងឡើយ ឪពុកកូនទាំង ២ នាក់នេះបានប្រកែកគ្នាតិចតួច ហើយក្រោយមកជំលោះបានបន្តធំឡើងៗរហូតក្មេងស្រីជាជនរងគ្រោះដាច់ចិត្តឡើងទៅលើដំបូងអគារលោតសម្លាប់តែម្តង។
សាក្សីនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា គេបានព្យាយាមប្រាប់បុរសជាឪពុកកុំឲ្យរត់ទៅចាប់កូនស្រីអីព្រោះវាអាចធ្វើគាត់ស្លាប់ដែរ តែគាត់មិនស្ដាប់នោះទេព្រោះគាត់ស្រលាញ់កូនស្រីខ្លាំងពេក យ៉ាងណាក្តីការលះបង់របស់បុរសជាឪពុករូបនេះពុំមានផលវិជ្ជមានឡើយដោយពួកគាត់បានសម្លាប់ទាំង ២ នាក់តែម្តង៕

អត្ថបទ៖ភក្តី
ប្រភព៖ World of Buzz