CEO របស់ក្រុមហ៊ុន TikTok បានលាលែងពីតំណែងរបស់ខ្លួន ចំពេលមានសម្ពាធកាន់តែខ្លាំងជាមួយអាមេរិក
នាយកប្រតិបត្តិកម្មវិធីចែករំលែកវីដេអូ TikTok លោក Kevin Mayer បានលាលែងពីតំណែងរបស់ខ្លួន ដោយបញ្ជាក់ថា វិសាលភាពនៃតួនាទីរបស់គាត់ជាប្រធានគឺច្រើនជាងអ្វីដែលគាត់អាចគ្រប់គ្រងបាន ខណៈដែលក្រុមហ៊ុននេះកំពុងតតាំងជាមួយទីក្រុងវ៉ាស៊ីនតោន។ ការសម្រេចចិត្តរបស់លោកក្នុងការចាកចេញពីក្រុមហ៊ុននេះ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពី TikTok បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋបាល Trump ជុំវិញបទបញ្ជាប្រតិបត្តិ ដែលរារាំង TikTok មិនឱ្យធ្វើជំនួញនៅសហរដ្ឋអាមេរិក។

បើតាមសារព័ត៌មានរ៉យទ័របាននិយាយថា អ្នកគ្រប់គ្រងទូទៅលោក Vanessa Pappas នឹងក្លាយជានាយកប្រតិបត្តិបណ្តោះអាសន្នរបស់ក្រុមហ៊ុន។
លោក Kevin Mayer បានសរសេរលើលិខិតមួយថា៖«នៅក្នុងសប្តាហ៍ថ្មីៗនេះ ខណៈដែលបរិយាកាសនយោបាយបានផ្លាស់ប្តូរយ៉ាងខ្លាំង ខ្ញុំបានធ្វើការពិចារណាទៅលើការផ្លាស់ប្តូររចនាសម្ព័ន្ធដែលក្រុមហ៊ុននឹងត្រូវការ ហើយតើវាមានន័យយ៉ាងដូចម្តេចចំពោះតួនាទីជាសកលដែលខ្ញុំត្រូវដោះស្រាយ»។ ចំណែកក្រុមហ៊ុន ByteDance ដែលជាម្ចាស់កម្មវិធីដ៏មានប្រជាប្រិយភាពនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសង្ឃឹមនឹងដោះស្រាយឧបសគ្គអាជីវកម្មដែលខ្លួនប្រឈមមុខនៅសហរដ្ឋអាមេរិក៕



អត្ថបទ៖ លីដា
ប្រភព៖ RT