លោក ស៊ីនហ្សូ អាបេ នឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ ជុំវិញបញ្ហាជំងឺកូវីដ១៩ នៅជប៉ុន និងសុខភាពរបស់លោក
នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ (ABE Shinzo) គ្រោងនឹងធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ ដើម្បីពន្យល់ពីការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការផ្ទុះឡើងនៃជំងឺ COVID-19 ហើយគេរំពឹងថា គាត់ក៏នឹងធ្វើការអត្ថាធិប្បាយអំពីសុខភាពរបស់គាត់ផងដែរ។ លោកនាយករដ្ឋមន្រ្តី អាបេ នឹងថ្លែងទៅកាន់អ្នកសារព័ត៌មានចាប់ពីម៉ោង ៥ល្ងាច បន្ទាប់ពីក្រុមការងារការពារមេរោគឆ្លងរបស់រដ្ឋាភិបាលបញ្ចប់ការឆ្លើយតបរបស់ពួកគេ។ នេះគឺជាសន្និសីទកាសែតដំបូងរបស់លោក អាបេ នៅឯការិយាល័យនាយករដ្ឋមន្ត្រីក្នុងរយៈពេល ២ខែកន្លះ។

រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវគោលនយោបាយដើម្បីធានាប្រព័ន្ធវេជ្ជសាស្ត្រ និងពង្រីកសមត្ថភាពតេស្តនៅមុនរដូវរងារ នៅពេលដែលការផ្ទុះឡើងនៃជំងឺផ្តាសាយ និងជំងឺ COVID-19 ត្រូវបានគេព្រួយបារម្ភថា អាចកើតឡើងក្នុងពេលដំណាលគ្នា។ រដ្ឋាភិបាលទំនងជាស្វែងរកការចាក់វ៉ាក់សាំងផ្ដាសាយឱ្យបានគ្រប់គ្រាន់ សម្រាប់ពលរដ្ឋជប៉ុនទាំងអស់ក្នុងឆមាសទីមួយនៃឆ្នាំក្រោយ។ រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងចាត់វិធានមុនពេលការចាក់វ៉ាក់សាំងមកដល់ ដូច្នេះរដ្ឋាភិបាលអាចទូទាត់សងនូវការខាតបង់ដែលកើតឡើងដោយក្រុមហ៊ុនផលិត និងអ្នកចែកចាយ ប្រសិនបើវ៉ាក់សាំងបង្កឱ្យមានបញ្ហាសុខភាព។
បច្ចុប្បន្ននេះរដ្ឋាភិបាលជប៉ុនកំពុងតែណែនាំឱ្យអ្នកដែលឆ្លងវីរុសនេះសម្រាកនៅមន្ទីរពេទ្យ។ ប៉ុន្តែគេគ្រោងនឹងពិនិត្យវិធីដោះស្រាយជាមួយមនុស្សមួយចំនួនធំ ដែលមិនមានចេញរោគសញ្ញា ឬមានសភាពស្រាល។ គេរំពឹងថាលោក អាបេ នឹងនិយាយពីសុខភាពរបស់គាត់ ដោយសារថាថ្មីៗនេះគាត់បានទៅមន្ទីរពេទ្យ ដើម្បីធ្វើតេស្តចំនួន ២ដង មកហើយក្នុងរយៈពេលជាច្រើនសប្តាហ៍កន្លងមក៕


អត្ថបទ៖ លីដា
ប្រភព៖ NHK