នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ ប្រកាសលាលែងពីតំណែងជាផ្លូវការ និងពន្យល់ពីមូលហេតុដែលលោកមិនអាចបន្ដធ្វើការទៀតបាន
នាយករដ្ឋមន្រ្តីជប៉ុនលោក អាបេ ស៊ីនហ្សូ (ABE Shinzo) បានប្រកាសជាផ្លូវការនូវចេតនាលាឈប់ពីតំណែង ដោយសារតែជំងឺរលាកពោះវៀនរបស់លោកបានត្រឡប់មកយាយីម្ដងទៀត។ នៅក្នុងសន្និសីទកាសែតនៅមុននេះបន្ដិចលោកនាយករដ្ឋមន្ត្រីបាននិយាយថា ការត្រួតពិនិត្យសុខភាពរបស់លោកនៅខែមិថុនា បានបង្ហាញសញ្ញានៃការកើតឡើងវិញនៃជំងឺរលាកពោះវៀន ហើយគាត់ចាប់ផ្តើមមានអារម្មណ៍អស់កម្លាំងដោយសារស្ថានភាពរបស់គាត់កាន់តែអាក្រក់ចាប់តាំងពីពាក់កណ្តាលខែកក្កដា។ គាត់បាននិយាយថា គ្រូពេទ្យបានបញ្ជាក់ពីការកើតឡើងវិញនេះ នៅដើមខែសីហានេះផ្ទាល់ ហើយក៏ត្រូវប្រើថ្នាំបន្ថែមពីថ្នាំចាស់ដែលគាត់កំពុងប្រើផងដែរ។

លោកបាននិយាយថា ការពិនិត្យសុខភាពកាលពីថ្ងៃច័ន្ទកន្លងទៅបានបង្ហាញថា ថ្នាំថ្មីគឺប្រើត្រូវជាមួយគាត់ ប៉ុន្តែត្រូវទទួលយកវាជាប្រចាំ ហើយលទ្ធផលនឹងមិនទៀងទាត់នោះទេ។ លោកបាននិយាយថា អ្វីដែលសំខាន់បំផុតនៅក្នុងនយោបាយគឺការបង្កើតលទ្ធផល ហើយគាត់នឹងមិនឱ្យជំងឺ ការព្យាបាល និងភាពខ្សោយកម្លាំងរបស់គាត់ ធ្វើឱ្យប៉ះពាល់ក្នុងការសម្រេចចិត្តនៅក្នុងនយោបាយនោះទេ។ គាត់បានបង្ហើបថាគាត់គ្មានទំនុកចិត្ត ដូច្នេះគាត់ក៏មិនគួរឈរជើងទៀតដែរ។ លោកក៏មានការលំបាកក្នុងការសម្រេចចិត្តចាកចេញ ប៉ុន្តែដោយសារជំងឺ COVID-19 នៅជប៉ុនមានភាពធូរស្រាលឡើងវិញ ទើបគាត់សម្រេចចិត្តជ្រើសយកពេលនេះជាពេលត្រូវលាលែង។
លោកក៏បានលើកឡើងពីកិច្ចព្រមព្រៀងរបស់ក្រុមការងាររដ្ឋាភិបាលនៅថ្ងៃសុក្រនេះ លើគោលការណ៍ថ្មីដើម្បីដោះស្រាយជាមួយជំងឺ COVID-19 នៅពេលរដូវរងារចូលមក។ លោកបានធ្វើការសុំទោសអស់ពីដួងចិត្តដល់ប្រជាជនជប៉ុន សម្រាប់ការលាលែងនៅចំពេលមានជំងឺរាតត្បាត និងការងារនយោបាយជាច្រើនទៀត។ លោកបានសម្តែងការសោកស្តាយបំផុត ចំពោះការខកខានមិនបានដោះស្រាយបញ្ហាកូរ៉េខាងជើងបានចាប់ជំរិតជនជាតិជប៉ុន។ លោកក៏ខូចចិត្តផងដែរក្នុងការចាកចេញពាក់កណ្ដាលផ្លូវ ដោយបំណងរបស់លោកគឺចង់បង្ហើយសន្ធិសញ្ញាសន្តិភាពជាមួយរុស្ស៊ី និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ជប៉ុន។ លោកបានបន្ដថាពេលនេះនឹងនៅបន្តបំពេញភារកិច្ចរបស់ខ្លួន រហូតដល់មាននាយករដ្ឋមន្រ្តីបន្ទាប់ចូលកាន់តំណែង៕


អត្ថបទ៖ លីដា
ប្រភព៖ NHK