ហួសចិត្ត ! សុខចិត្តលក់កូនបង្កើតខ្លួនឯងអាយុទើប១ខួបជាង ដើម្បីយកលុយដើរផ្សារទិញឥវ៉ាន់
ប្រទេសចិន ៖ វាជាដែលមិនគួរអោយជឿនិងហួសចិត្តខ្លាំងណាស់នៅពេលដែលម្តាយមួយរូបបែរជាសុខចិត្តលក់កូនបង្កើតរបស់ខ្លួន ព្រោះតែចង់បានប្រាក់ទៅដើរផ្សារទិញឥវ៉ាន់នោះ។ ប្រភពព័ត៌មានចិនបានចុះផ្សាយករណីហួសចិត្តមួយ ដែលស្រ្តីម្នាក់សុខចិត្តលក់កូនបង្កើតវ័យ១៩ខែរបស់ខ្លួន ព្រោះលុយទិញគ្រឿង Make up។
ប្រភពបានអោយដឹងថា ស្រ្តីចិត្តដាច់ម្នាក់នេះមានឈ្មោះ Yu នាងត្រូវបានគេរកឃើញថា បានទិញផលិតផលគ្រឿងសម្អាងភ្លាមៗ ក្រោយពីលក់កូនស្រីវ័យ១៩ខែរបស់ខ្លួនក្នុងតម្លៃ ៥០,០០០យ័ន (ប្រហែល ៧,៨០០ដុល្លារ)។ ប្រភពដដែលបានអោយដឹងថាម្តាយវ័យក្មេង និងអ្នកដែលទទួលទិញក្មេងពីរនាក់ទៀតត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធនឹងករណីជួញដូរកុមារ។ សារព័ត៌មានបរទេសបានអោយដឹងថា ដំបូងអ្នកស្រី Yu បានដាក់ពាក្យប្តឹងទៅប៉ូលីសដោយអះអាងថា កូនស្រីបានបាត់ខ្លួននៅឯស្ថានីយរថភ្លើង។
ក្រោយធ្វើការស៊ើបអង្កេតគេរកឃើញថា Yu ទទួលប្រាក់ជាច្រើនក្នុងគណនីធនាគាររបស់នាង ក្នុងថ្ងៃតែមួយជាមួយនឹងថ្ងៃដែលនាងបានរាយការណ៍ថាបាត់កូននោះដែរ។ នៅថ្ងៃទី២០ ខែឧសភា ស្រ្តីជាម្តាយបាននាំកូនស្រីរបស់ខ្លួនទៅប្រគល់អោយមនុស្សប្រុសស្រី២នាក់ ដែលម្នាក់គឺលោកស្រី Wei ឯម្នាក់ទៀតគឺលោក Li នៅឯស្ថានីយ៍រថភ្លើងខេត្ត Zhengzhou។
ប្តីរបស់អ្នកស្រី Yu ដែលត្រូវបានប៉ូលីសក្នុងខេត្ត Zhengzhou កោះហៅ ដើម្បីអោយមកទទួលយកកូនស្រីរបស់គេនៅឯស្ថានីយ៍ប៉ូលិស បុរសជាឪពុកក្មេងរងគ្រោះនេះបានប្រាប់ទៅប្រពន្ធថា “នៅក្នុងគុកមើលថែរខ្លួនអោយបានល្អផង ខ្ញុំនឹងនាំកូនយើងទៅទទួលអ្នក នៅពេលដែលអ្នកចេញពីគុកមកវិញ”៕

អត្ថបទ ៖ Mali
ប្រភព ៖ nextshark