ចិន២នាក់បើករថយន្ត Alphard យ៉ាងលឿនបំពានស្លាកសញ្ញាចរាចរណ៍ជ្រុលទៅបុករថយន្ត Lexus មួយទំហឹង ហើយមិនព្រមដោះស្រាយបន្ថែមល្បឿនរត់គេចខ្លួន រួចទុករថយន្តចោលដើរចូលភោជនីយដ្ឋានបាត់
រាជធានីភ្នំពេញ ៖ បុរសជនជាតិចិន២នាក់ បើករថយន្ត ALPHARD ស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន និងបំពានស្លាកសញ្ញាចរាចរណ៍ក៏ជ្រុលទៅបុករថយន្ត LEXUS LS430 មួយគ្រឿងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តបង្កបានធ្លាក់កាងខាងមុខដែលមានជាប់ស្លាកលេខនៅកន្លែងកើតហេតុ តែរថយន្តមិនព្រមឈប់ដោះស្រាយទេ បានបន្ថែមល្បឿន បើករត់គេចពីកន្លែងកើតហេតុយករថយន្តទៅទុកចោលហើយដើរចូលភោជនីយដ្ឋានបាត់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣៥នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ នៅតាមបណ្ដោយផ្លូវ១៤៣ កែងផ្លូវ៣៦០ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ប្រាប់អោយដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស (LEXUS LS430) ពណ៌ខ្មៅ បើកបរដោយមនុស្សមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរតាមផ្លូវ៣៦០ ទិសដៅពីលិចទៅកើត ក្នុងលឿនធម្មតា ខណៈពេលឆ្លងផ្លូវបំបែកជាបួនកន្លែងកើតហេតុខាងលើ កែងផ្លូវលេខ១៤៣ ស្រាប់តែមានរថយន្តបង្កខាងលើ ម៉ាកតូយ៉ូតា អាល់ផាត (TOYOTA ALPHARD) ស៊េរីទំនើប ពណ៌ស ពាក់ស្លាកលេខកណ្ដាល 2E-8789 បើកបរដោយបុរសជនជាតិចិន២នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៤៣ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន ទាំងបំពានស្លាកសញ្ញាចរាចរណ៍ “ឈប់” ក៏ជ្រុលទៅបុករថយន្ត LEXUS LS430 ខាងលើ ចំខាងឆ្វេង បណ្ដាលឲ្យរងការខូចខាតផ្នែកខាងឆ្វេងយ៉ាងដំណំ រីឯម្ចាស់បានទុករថយន្តចោលនៅកន្លែងកើតហេតុ ហើយឡើងជិះកង់បីឥណ្ឌាចេញពីកន្លែងកើតហេតុបាត់ ។ ចំណែកឯរថយន្តបង្ក ម៉ាក ALPHARD ស៊េរីទំនើបវិញ បានធ្លាក់កាងខាងមុខដែលជាប់ស្លាកលេខនៅកន្លែងកើតហេតុ មិនព្រមឈប់ដោះស្រាយទេ បានបន្ថែមល្បឿន បើករត់គេចពីកន្លែងកើតហេតុ រហូតទៅដល់ផ្លូវ១០៣ មុខយានដ្ឋានមួយកន្លែង ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ហើយទុករថយន្តចោល រួចនាំគ្នាដើរចូលភោជនីយដ្ឋានមួយកន្លែងនៅទល់មុខនោះបាត់ស្រមោល ។
ក្រោយមករថយន្តបង្កខាងលើ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ធ្លាក់កាងហើយទុកចោលកន្លែងងងឹត គួរអោយសង្ស័យទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលបឹងត្របែក នៃខណ្ឌចំការមន បានដឹង រាយការណ៍ប្រាប់ទៅខាងប្រចាំបញ្ជា ទាក់ទងស្រាវជ្រាវរកកន្លែងកើតហេតុ ។
បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្ត LEXUS LS430 រួមទាំងរថយន្ត ALPHARD ដែលបើករត់គេចពីកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចខណ្ឌចំការមន ទាក់ទងសមត្ថកិច្ចខណ្ឌបឹងកេងកង ចុះទៅស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ទាំងពីរគ្រឿង ដើម្បីរងចាំស្រាវជ្រាវរកម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ ៕

ដោយ៖ បងម៉េង ខ្មែរណូត