សពអតីតមេគុកទួលស្លែង លោក កាំង ហ្កេកអ៊ាវ ហៅឌុច ត្រូវបានបូជានៅវត្តចាក់អង្រែក្រោម
រាជធានីភ្នំពេញ ៖ សាកសពរបស់អតីតមេគុកទួលស្លែង ឬក៏មន្ទីរស២១លោកកាំង ហ្កេកអ៊ាវ ហៅ ឌុច បានបូជានៅវត្តចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមវត្តមានសាច់ញាតិរបស់លោកប្រហែលប្រាំនាក់ រួមទាំងមនុស្សមួយចំនួនតូចផ្សេងទៀត។

ទណ្ឌិត កាំង ហ្គេកអ៊ាវ ហៅ ឌុច បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយបានបញ្ជូនមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ ហើយបានទទួលមរណៈភាពកាលពីវេលាម៉ោង០០:៥១ នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងជន្មាយុ៧៨ឆ្នាំ។
ឌុចត្រូវបានផ្តន្ទាទោសដោយអង្គជំនុំជម្រះសាលាដំបូងនៃអ.វ.ត.កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១០ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តនៅគុកទួលស្លែងដោយសម្រេចផ្តន្ទាទោសដាក់ពន្ថនាគាររយៈពេល ៣៥ ឆ្នាំ សងការជាប់ឃុំខុសច្បាប់ ១០ ឆ្នាំនិងសំណងលើការសហការចំនួន ៦ឆ្នាំ ទោសដែលត្រូវអនុវត្តគឺ ១៩ ឆ្នាំ។ ប៉ុន្តែព្រះរាជអាជ្ញាប្តឹងសាទុក្ខជំទាស់។ អង្គជំនុំជម្រះតុលាការកំពូលបានសម្រេចសេចក្តីនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ដោយផ្តន្ទាទោសឌុចដាក់ពន្ធនាគារអស់មួយជីវិត។ នៅថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០១៣ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីអនុវត្តទោសជាប់ពន្ធនាគារដែលនៅសល់របស់គាត់ ។
សូមបញ្ជាក់ថាឌុចមានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាំង ហ្កេចអ៊ាវ ជាកូនកាត់ចិន មានបងប្អូនបង្កើត ៥នាក់ នៅក្នុងត្រកូលជាកសិករក្រីក្រមួយ ។
នៅក្នុងឆ្នាំ១៩៩៩ ឌុច បានចូលសារភាព ប្រគល់ខ្លួនឲ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជា។ ចាប់ពីពេលនោះមក ឌុច ត្រូវបានគេចាប់ឃុំខ្លួននៅក្នុងមន្ទីរឃុំខ្លួននៃតុលាការយោធា ក្នុងក្រុងភ្នំពេញ។ នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវបានផ្ទេរពីមន្ទីរឃុំឃាំងនៃតុលាការយោធា ទៅឲ្យអង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហមវិញ។
ឌុច ត្រូវបានតុលាការពិសេសធ្វើការចោទប្រកាន់ជាផ្លូវការពីបទ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ថ្វីដ្បិតតែ ឌុច មិនមែនជាអតីតមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែក្នុងឋានៈជាប្រធានគុកទួលស្លែង ដែលជាកន្លែងធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់នោះ ឌុច ត្រូវបានចាត់បញ្ជូលក្នុងចំណោម “អ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះឧក្រិដ្ឋកម្ម នៅក្នុងរបបខ្មែរក្រហម” ដូចដែលមានចែងនៅក្នុងមាត្រា១ នៃច្បាប់ស្តីពីការបង្កើតអង្គជំនុំជម្រះវិសាមញ្ញ។
នៅថ្ងៃទី២៦ កក្កដា ២០១០ អង្គជំនុំជម្រះវិសាមញ្ញ ទទួលបន្ទុកជំនុំជម្រះមេដឹកនាំខ្មែរក្រហមបានប្រកាសសាលក្រម សម្រេចឲ្យ កាំង ហ្កេចអាវ ហៅ ឌុច ជាប់ពិរុទ្ធពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩។ ក៏ប៉ុន្តែ ដោយ ឌុច បានសារភាពកំហុស និងបានសហការជាមួយតុលាការ ចៅក្រមបានសម្រេចផ្តន្ទាទោស ឌុច ឲ្យជាប់ពន្ធនាគារតែ ៣៥ឆ្នាំប៉ុណ្ណោះ។ ពីរយៈពេល ៣៥ឆ្នាំនេះ ត្រូវកាត់បន្ថយ ៥ឆ្នាំ បន្ថែមទៀត ដោយតុលាការយល់ឃើញថា ការឃុំខ្លួនឌុច នៅក្នុងតុលាការយោធាកម្ពុជា ពីឆ្នាំ១៩៩៩គឺជាការឃុំខ្លួនខុសនីតិវិធី។ទីបញ្ចប់ទោសរបស់ ឌុច នៅសល់តែ ៣០ឆ្នាំប៉ុណ្ណោះ ដោយគិតចាប់ពីថ្ងៃចាប់ខ្លួន ពោលគឺពីឆ្នាំ១៩៩៩មក ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ