កម្មករលក់ទឹកកកបែកគំនិតស្ទុះច្របាច់កស្ត្រីម្នាក់កំពុងលក់ចាប់ហួយ ហើយលូកហៅប៉ៅយកលុយបានមួយក្ដាប់ រួចរត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋរកឃើញស្វាគមន៍ម្នាក់មួយដៃមួយជើងទើបប្រគល់ឲ្យសមត្ថកិច្ច
រាជធានីភ្នំពេញ ៖ កម្មករលក់ទឹកកកម្នាក់ បែកគំនិតស្ទុះចូលចាប់ច្របាច់កស្ត្រីម្នាក់កំពុងអង្គុយលក់ចាប់ហួយតែម្នាក់ឯង លូកហៅប៉ៅ យកលុយបានមួយក្ដាប់ហើយរត់គេចខ្លួន ត្រូវជនរងគ្រោះស្រែកថាចោរៗ ផ្អើលអ្នកជិតខាងនាំគ្នាជួយដេញតាម ទំរាំរកឃើញជនសង្ស័យកំពុងពួនកន្លែងងងឹត ទើបនាំគ្នាចាប់ឃាត់ខ្លួនបាន ស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើងទើបប្រគល់ឲ្យសមត្ថកិច្ចយកទៅសាកសួរនៅប៉ុស្តិ៍ ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង០៣:៤៥នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចមុខផ្ទះលក់ចាប់ហួយមួយកន្លែង ផ្ទះលេខ១៩E ជិតស្តុបបាមាន់ចែ ផ្លូវលេខ២២៣ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមិនបានប្រាប់អត្តសញ្ញាណទេ ស្នាក់នៅផ្ទះកើតហេតុ ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា ណិត ភេទប្រុស អាយុប្រហែល២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករលក់ទឹកកក ស្នាក់នៅមិនពិតប្រាកដ ។
បើតាមសម្ដីស្ត្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានអង្គុយលក់ដូរឥវ៉ាន់ចាប់ហួយនៅមុខផ្ទះរបស់គាត់(ដែលជាកន្លែងកើតហេតុ)ដូចសព្វដង លុះយប់ជ្រៅបន្តិចក៏លេចម៉ូតូជនសង្ស័យខាងលើ មិនដឹងដើរមកពីណាទេ បានមកអង្គុយសំកុក ក្បែរកន្លែងគាត់លក់ ដោយមានអាការៈគួរអោយសង្ស័យ ព្រោះរូបគាត់ឃើញជនសង្ស័យចេះតែក្រឡេកមើលឆ្វេងមើលស្ដាំ សំឡឹងរកមើលអ្វីផ្សេងៗក្នុងផ្ទះរបស់គាត់ ហើយគាត់ក៏សួរថា រកអ្វីដែល ជនសង្ស័យក៏ឆ្លើយប្រាប់ថា ចាំលក់ទូរស័ព្ទ (អ៉ិនចុចពិល) តែអ្នកទិញមិនទាន់មកយក និងដឹកទូរស័ព្ទ(អ៉ិនចុចពិល)ពណ៌ខ្មៅនោះ យកមកបង្ហាញគាត់ផងដែរ តែគាត់ប្រាប់ថា សម័យនេះគេមិនសូវនិយមប្រើទេ ទូរស័ព្ទម៉ាកហ្នឹងនោះ ហើយក៏ប្រាប់អោយជនសង្ស័យដើរទៅអង្គុយចាំកន្លែងផ្សេងឆ្ងាយពីកន្លែងគាត់លក់ដូរបន្តិចទៅ ។
ពីរបីម៉ោងក្រោយមក ជនសង្ស័យក៏បានដើរទៅវិញទៅមក ងើបអង្គុយចុះឡើងៗរហូតមកទល់ម៉ោងកើតហេតុ នៅមុខផ្ទះគាត់មានសភាពស្ងាត់ និងមិនទាន់មានអាជីវករណា ឬកម្មករអូសរទេះបន្លែផ្សេងៗណាមកទិញឥវ៉ាន់ឡើយ ទើបជាឱកាសរបស់ជនសង្ស័យ បានស្ទុះចូលទៅចាប់ច្របាច់កស្ត្រីអ្នកលក់ចាប់ហួយខាងលើនោះ រួចលូកហៅប៉ៅ ពេលនោះស្ត្រីរងគ្រោះ បានប្រតាយប្រតប់ និងស្រែកឲ្យគេជួយថាជួយផងៗ ទើបជនសង្ស័យយកលុយបានមួយក្ដាប់(មិនដឹងចំនួន) ក៏ស្ទុះរត់គេចខ្លួន ទើបផ្អើលឆោឡោដល់អ្នកជិតខាងនាំគ្នាចេញជួយដេញតាមចាប់ជនសង្ស័យផងដែរ តែជនសង្ស័យបានរត់ពួនកន្លែងងងឹតមួយកន្លែង នៅតាមផ្លូវ២៣០ ជិតរបងម៉ុងឌីយ៉ាល់ បាត់មួយសន្ទុះ តែចៃដន្យត្រូវបានអ្នកជិតខាងត្រលប់មកវិញប្រទះឃើញ ក៏នាំគ្នាឡោមព័ទ្ឬចាប់ឃាត់ខ្លួនបានដដែល រួចស្វាគមន៍ម្នាក់មួយដៃម្នាក់មួយជើង ហើយក្មួយស្រីស្ត្រីរងគ្រោះក៏ចង្អុលប្រាប់ថា គឺជាជនសង្ស័យដែលលូកយកលុយម្ដាយមីងរបស់នាងពិតមែន ទើបនាំគ្នាររាយការណ៍ប្រាប់កម្លាំងប៉ុស្តិ៍ប៉ុស្តិ៍ផ្សារដើមគ ចុះមកយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ផងដែរ ។
ក្រោយពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើបានជិះកង់ធ្វើដំណើរទៅដាក់ពាក្យបណ្ដឹងអោយសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមច្បាប់ផងដែរ៕

ដោយ៖ បងម៉េង ខ្មែរណូត