ក្រសួងពាណិជ្ជកម្ម តម្រូវឲ្យក្រុមហ៊ុន Nutrilatt ឈប់នាំចូល និងចែកចាយម្សៅទឹកដោះគោទារក និងកុមារ (ចាប់ពីទារក ដល់២៤ខែ) និងប្រមូលម្សៅទឹកដោះគោត្រលប់មកវិញ ហើយតាមផ្សារទំនើប ឱសថស្ថាន និងហាងនានាផ្អាកដាក់តាំងលក់ម្សៅទឹកដោះគោ Nutrilatt
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងថា ដោយផ្អែកលើលទ្ធផលវិភាគម្សៅទឹកដោះគោម៉ាក Nutrilatt លើលេខ Batch ចំនួន ៦ (B/N: 487, 488, 536, 537, 538, 539) ចេញដោយមន្ទីរពិសោធន៍ឯករាជ្យមួយនៅប្រទេសសិង្ហបុរី ឈ្មោះ Eurofins Food Testing Singapore PTE LTD ដែលទទួលស្គាល់ជាអន្តរជាតិ តាមស្តង់ដារ ISO/IEC 17025:2017 បានបង្ហាញឲ្យឃើញថា សំណាកគំរូផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ដែលមានលេខកូដខាងលើ មានកម្រិតជាតិដែកតិចជាង ០.២៥មីលីក្រាម/១០០ក្រាម គឺមានកម្រិតទាបខ្លាំងជាងលក្ខខណ្ឌតម្រូវអប្បរមា ដែលបានកំណត់ដោយស្តង់ដារកូដិចអន្តរជាតិ ដែលក្នុងនោះកម្រិតជាតិដែកតម្រូវឲ្យមានយ៉ាងតិច ២.២៨ មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ១ (ចាប់ពីទារកអាយុ ០ ដល់អាយុ៦ខែ) និងយ៉ាងតិច ៤.៧២ មីលីក្រាម/១០០ក្រាម សម្រាប់ផលិតផលលេខ២ (ចាប់ពីអាយុ៦ខែ ដល់អាយុ១២ខែ)។

ក្នុងគោលបំណងទប់ស្កាត់ផលប៉ះពាល់ដល់សុខភាពទារក និងកុមារកម្ពុជា ពីការបំបៅកូនដោយម្សៅទឹកដោះគោម៉ាក Nutrilatt លេខកូដដូចខាងលើ ក្រសួងពាណិជ្ជកម្មមានវិធានការដូចខាងក្រោម៖
