ទៀតហើយ! ប្តីចាក់សម្លាប់ប្រពន្ធ រួចសម្លាប់ខ្លួនឯងតាមក្រោយ នៅស្រុកអង្គស្នួល ខេត្តកណ្តាល
ខេត្តកណ្តាល៖ មានករណីឃាតកម្មមួយទៀតបានកើតឡើង ដោយបុរសជាប្តីបានចាក់សម្លាប់ប្រពន្ធបណ្តាលឲ្យស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ បន្ទាប់មកក៏អារ.កសម្លាប់ខ្លួនឯងតាម ប៉ុន្តែមិនស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ និង២៥នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុចចិញ្ចើមផ្លូវជាតិលេខ៤ ភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

ស្ត្រីរងគ្រោះមានឈ្មោះ សុខ ផល្លី អាយុ២៧ឆ្នាំ មុខរបរកម្មកររោងចក្រភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល បានស្លាប់នៅកន្លែងកើតហេតុ) ចំណែកឯជនសង្ស័យមានឈ្មោះ ឆាយ ធន់ អាយុ២៩ឆ្នាំ មុខរបរកម្មករភូមិត្រពាំងខ្នារ ឃុំឆក់ឈើនាង ស្រុកអង្គស្នួល បច្ចុប្បន្នរូបគេកំពុងសង្គ្រោះនៅមន្ទីពេទ្យ។
ជុំវិញករណីនេះផងដែរ ប្រភពព័ត៌មានបានឲ្យដឹងថា ប្តីប្រពន្ធទាំង២នាក់ខាងលើបានចែកផ្លូវគ្នាមួយរយៈ ហើយក្រោយមកបុរសជាប្តីមកសុំត្រូវគ្នាវិញ តែប្រពន្ធមិនព្រម ទើបធ្វើឲ្យបុរសជាប្តីដេញចាក់ប្រពន្ធរហូតដល់ស្លាប់ បន្ទាប់មកក៏អារ.កសម្លាប់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងបន្តចាត់ការតាមនីតិវិធី៕
