ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខឹងពូប្រមឹកតែងតែវាយធ្វើបាបមីង ធ្វើឲ្យក្មួយស្រីទប់ចិត្តមិនបានយកកាំបិតចាក់ពូស្លាប់តែម្តង

    BY Khmernote Media September 4, 2020
    ខឹងពូប្រមឹកតែងតែវាយធ្វើបាបមីង ធ្វើឲ្យក្មួយស្រីទប់ចិត្តមិនបានយកកាំបិតចាក់ពូស្លាប់តែម្តង

    ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រមឹកចេញមកពីផឹកស៊ីស្រាប់តែឈ្លោះរករឿងនឹងប្រពន្ធ​ ស្រាប់តែក្មួយស្រីបានចូលឃាត់ប្រតាយប្រតប់គ្នា ដោយមិនអាចទប់ជាប់ក្មួយស្រីក៏បានរត់ទៅយកកាំបិតចិតបន្លែចាក់ពូជាច្រើនកាំបិតបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២០​ ក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

    មន្ត្រីអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យបានដឹងថា មុនពេលកើតហេតុនោះជនសង្ស័យឈ្មោះ ជិន ណារី ភេទស្រី អាយុ២២ឆ្នាំ បានចេញពីកន្លែងធ្វើការហើយមកដល់ផ្ទះស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពេលនោះស្រាប់តែប្ដីរបស់មីងខ្លួនមិនដឹងស្រវឹងស្រាពីណា មកដល់ផ្ទះបានវាយធ្វើបាបប្រពន្ធ ព្រមទាំងជេរប្រមាថ ពេលនោះក្មួយស្រីបានឃើញពូធ្វើសកម្មភាពវាយធ្វើបាបមីងរបស់ខ្លួនយ៉ាងខ្លាំងដូច្នេះក៏ចូលទៅឃាត់បង្កឲ្យមានជម្លោះឈ្លោះឈានដល់ការប្រតាយប្រតប់គ្នារហូតដល់ជនសង្ស័យបានយកកាំបិតដែលខ្លួនទិញមកសម្រាប់ចិតបន្លែចាក់ទៅលើជនរងគ្រោះ ខាងលើបណ្ដាលឲ្យរងរបួសជាទម្ងន់ ហើយបានស្លាប់ពេលដែលកំពុងបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

    លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងលោកបានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវដល់​កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យព្រមទាំងបានដកហូតកូនកាំបិតចិតបន្លែបានមួយដើមរួចបញ្ជូនមកមូលដ្ឋានអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរបន្តទៀត។

    ក្រោយពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានយកកូនកាំបិតចិតបន្លែចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ រហូតដល់ស្លាប់ពិតប្រាកដមែន ដោយសារខ្លួនឃើញជនរងគ្រោះប្រើហិង្សាមកលើមីងរបស់ខ្លួនស្ទើតែរាល់ថ្ងៃ។

    ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាង កម្លាំងជំនាញ អាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តចាត់ការបន្ត។ ចំនែកជនសង្ស័យត្រូវបានកម្លាំងជំនាញអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់ផងដែរ ៕

    Share This Post: