ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សង្ស័យឆ្លងចរន្តផ្ទុះម៉ាស៊ីនត្រជាក់ បង្កជាអគ្គិភ័យឆាបឆេះជាអណ្តាតភ្លើងដ៏សន្ធោរសន្ធៅនៅក្នុងខណ្ឌដង្កោ

    BY Khmernote Media September 6, 2020
    សង្ស័យឆ្លងចរន្តផ្ទុះម៉ាស៊ីនត្រជាក់ បង្កជាអគ្គិភ័យឆាបឆេះជាអណ្តាតភ្លើងដ៏សន្ធោរសន្ធៅនៅក្នុងខណ្ឌដង្កោ

    រាជធានីភ្នំពេញ ៖ ផ្អើលសមត្ថកិច្ចមួយចំហៀងខណ្ឌដង្កោ មានទាំងនគរបាលខណ្ឌនិងប៉ុស្តិ៍ រួមទាំងអាវុធហត្ថខណ្ឌ បញ្ចេញរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ចេញជួយអន្តរាគមន៍ភ្លាមៗ ក្នុងគ្រោះអគ្គិភ័យឆាបឆេះផ្តើមចេញពី ឆ្លងចរន្តអគ្គិសនីផ្ទុះម៉ាស៊ីនត្រជាក់ បណ្ដាលឲ្យបាក់ជញ្ជាំងខាងមុខផ្ទះល្វែងជាន់ទី១ ធ្លាក់មករាយប៉ាយពេញដី និងឆាបឆេះចេញជាអណ្ដាតភ្លើងដ៏សន្ធោរសន្ធៅ តែត្រូវបានអ្នកជិតខាងនាំគ្នាជួយពន្លត់បានទាន់ពេលវេលា ។

    ហេតុការណ៍ផ្ទុះម៉ាស៊ីនត្រជាក់រហូតមានការឆាបឆេះចេញជាអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីយប់ ថ្ងៃសៅរិ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រង់ចំណុចផ្ទះល្វែងមួយខ្នងកម្ពស់២ជាន់ ស្ថិតនៅផ្លូវបេតុងចូលតាមច្រកហ្គារ៉ាសសាំងតេឡា ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

    ប្រភពព័ត៌មានពីស្ត្រីវ័យកណ្ដាលម្នាក់សុំមិនបញ្ចេញឈ្មោះដែលជាអ្នកជិតខាងផ្ទះកើតហេតុបានប្រាប់ឲ្យអ្នកយកព័ត៌មានខ្មែរណូតយើងបានដឹងថា នៅមុនពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង និងផ្ទះកើតហេតុ រួមទាំងផ្ទះរបស់គាត់បានបិទទ្វារចូលក្នុងផ្ទះសម្រាករៀងខ្លួនៗអស់ទៅ ។ ស្រាប់តែមកដល់ម៉ោងកើតហេតុ(ជិតពាក់កណ្ដាលយប់ទៅហើយ) ខណៈគាត់កំពុងដេកជាមួយកូនៗលង់លក់បានមួយភាំង ក៏ស្រាប់តែសូរផ្ទុះលាន់លឺយ៉ាងខ្លាំង និងមានអ្នកជិតខាងស្រែកជួយផង ភ្លើងឆេះផ្ទះហើយ ភ្លាមៗនោះគាត់បានបើកទ្វារដើម្បីចេញទៅមើល ស្រាប់តែឃើញអណ្ដាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ នៅលើផ្ទះល្វែងកើតហេតុជាន់ទី១នោះទៅហើយ និងឃើញមានបំណែកថ្មនិងម៉ាស៊ីនត្រជាក់ ធ្លាក់មកខាងក្រោមរាយប៉ាយពេញមុខផ្ទះកើតហេតុ ទើបអ្នកជិតខាងនាំគ្នា ទៅជួយពន្លត់ និងអ្នកខ្លះទៀតរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ មកជួយអន្តរាគមន៍ផង ។

    មួយសន្ទុះក្រោយមក គេឃើញមានកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ មានទាំងកម្លាំងអាវុធហត្ថខណ្ឌ និងកម្លាំងនគរបាលប៉ុស្តិ៍+ខណ្ឌ បានចុះទៅជួយសម្រួលដល់ប្រជាពលរដ្ឋ និងសម្រួលចរាចរណ៍ ទុកផ្លូវឲ្យរថយន្តពន្លត់អគ្គិភ័យងាយស្រួល ចូលទៅបាញ់អន្លត់ផងដែរ មិនបានប៉ុន្មានផងរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមកដល់ តែមិនបានប្រើប្រាស់ទឹកទេ ព្រោះទំហំនៃការឆេះយ៉ាងខ្លាំងតែមួយឆាវប៉ុណ្ណោះ ក៏អន់ថយទៅវិញ ហើយបងប្អូនប្រជាពលរដ្ឋបាននាំគ្នាជួយពន្លត់រហូតគ្រប់គ្រងបានទាំងស្រុងតែម្ដង ។

    ក្រោយកើតហេតុ សមត្ថកិច្ចធ្វើការត្រួតពិនិត្យកន្លែងកើតហេតុ ហើយចំពោះមូលហេតុតាមការសន្និដ្ឋានជំហានដំបូង ករណីនេះបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីម៉ាស៊ីនត្រជាក់។ អគ្គិភ័យមិនបណ្តាលឆាបឆេះរាលដាល ដល់ផ្ទះអ្នកជិតខាងនោះទេ គឺខូចខាតតែសម្ភារៈនៅលើបន្ទប់ជាន់ទី១ខាងមុខអស់មួយចំនួនប៉ុណ្ណោះ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: