រត់ទៅណាក៏មិនរួចដែរ! យកកាំបិតបុ័ងតោកាប់ ហើយជះទឹកអាស៊ីតដាក់ស្ត្រីម្នាក់តាំងពីដើមឆ្នាំ២០១៩ គិតថារត់គេចខ្លួនបាន ចុងក្រោយត្រូវសមត្ថកិច្ចក្របួចជាប់
ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៤:៣០នាទី កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោករសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកវរសេនីយ៍ឯក ហ៉ីង យ៉ាន និងកម្លាំងស្នងការដ្ឋានខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមឈុង បានអនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន លេខ១០៤/២០២០ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ និងឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គប់ ផា ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ។

សំភារៈដកហូតមាន ម៉ូតូ០១គ្រឿងម៉ាក HONDA WAVE មិនស្គាល់ឆ្នាំផលិត ពាក់ស្លាកលេខភ្នំពេញ ១AH-៣១២៥ ។ គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រង់ចំនុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី ប៉ុនប៉ងមនុស្សឃាត បង្កឡើងដោយជនសង្ស័យឈ្មោះគុប ផា បានធ្វើសកម្មភាព យកកាំបិតបុ័ងតោ កាប់ប្រហារលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលអោយដាច់កដៃ និងជះទឹកអាស៉ីតពីលើបន្ថែមទៀត ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្ត៕






ប្រភព៖ ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល