ចិនចាប់ជំរិតចិនគ្នាឯង ហើយប្រើល្បិចបែបនេះ ដើម្បីទម្លាក់កំហុសលើជនរងគ្រោះ ហើយខ្លួនជនរងគ្រោះសុទ្ធតែស្នាមរបួសត្រូវគេធ្វើទារុណកម្ម
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង២:០០នាទីយប់រំលងអធ្រាត្រ មានជនជាតិចិនម្នាក់ឈ្មោះ ZHANG KUN DUAN ភេទប្រុស បានទូរស័ព្ទរាយការណ៍មកសមត្ថកិច្ចថា មានជនជាតិចិន១នាក់ ភេទប្រុស កំពុងជួញដូរគ្រឿងញៀន នៅលើភ្នំមួយកន្លែងស្ថិតក្នុងភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។

បន្ទាប់ពីបានទទួលបណ្ដឹងរួចសមត្ថកិច្ចយើងបានចុះទៅដល់ទីតាំងខាងលើពេលទៅដល់សមត្ថកិច្ចយើងបានឃើញជនជាតិ ចិន១នាក់ ភេទប្រុស ជាប់ចំណងដោយដៃទាំងសង្ខាងត្រូវគេរុំស្កុតដោយមានស្នាមរបួស ហើយមានម្សៅសមួយថង់ (សង្ស័យជាសារធាតុញៀន) នៅក្នុងកាបូបរបស់ជនជាតិនោះបន្ទាប់មកសមត្ថកិច្ចយើងបាននាំជនជាតិចិននោះ មកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីសួរនាំ ។
– ក្រោយពីសួរនាំរួចទើបដឹងថាករណីនេះគឺជាល្បិចរបស់ជនសង្ស័យដែលបានចាប់ជនរងគ្រោះជំរិតទារប្រាក់ រួចប្រើល្បិចដាក់គ្រឿងញៀនចូលក្នុងកាបូបរបស់ជនរងគ្រោះ ដើម្បីទម្លាក់កំហុសមកលើជនរងគ្រោះប៉ុន្តែសមត្ថកិច្ចយើងបានត្រួតពិនិត្យម្សៅសនោះ បញ្ជាក់ថាមិនមែនជាសារធាតុញៀនទេ។ បន្ទាប់មកសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ១នាក់ភេទប្រុសជនជាតិចិន ។
– ជនរងគ្រោះឈ្មោះ HU DAO LONG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន មានស្រុកកំណើត ខេត្តអ៊ូហាន ប្រទេសចិន មុខរបរ ម៉ៅការសំណង់ ស្នាក់នៅរាជធានីភ្នំពេញ មានស្នាមរងរបួស ដៃ, ជើងនិងក(របួសមធ្យម ) ។
– ជនសង្ស័យឈ្មោះ ZHANG KUN DUAN ភេទប្រុស អាយុ ២១ឆ្នាំជនជាតិចិនមុខរបរមិនពិតប្រាកដគ្មានលិខិតឆ្លងដែនជាប់និងខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖
-ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone 7 ពណ៌ខ្មៅ ១គ្រឿង
-ទូរស័ព្ទដៃ១គ្រឿង ម៉ាក SAMSUNG ពណ៌មាស(របស់ជនរងគ្រោះ)
-កាបូបស្ពាយ១(របស់ជនរងគ្រោះ)
-ម្សៅស១ថង់
-ប្រាក់១៦០$ (មួយរយហុកសិបដុល្លារអាមេរិក) ។
ករណីនេះកម្លាំងជំនាញបានកសាងសំណុំរឿងតាមនីតីវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីផ្តន្ទាទោសតាមច្បាប់ ។

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ