ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ល្បិចបោកថ្មី! គេណែនាំឲ្យស្គាល់គ្នាតាមហ្វេសប៊ុកមិនបានប៉ុន្មានផង ជនសង្ស័យប្រើល្បិចឪពុកឈឺធ្ងន់សុំខ្ចីលុយមើលជំងឺឪពុក ហើយជនរងគ្រោះផ្ញើលុយឲ្យជាង២០ដងចាញ់បោកគេអស់លុយដល់ទៅ…

    BY Khmernote Media September 7, 2020
    ល្បិចបោកថ្មី! គេណែនាំឲ្យស្គាល់គ្នាតាមហ្វេសប៊ុកមិនបានប៉ុន្មានផង ជនសង្ស័យប្រើល្បិចឪពុកឈឺធ្ងន់សុំខ្ចីលុយមើលជំងឺឪពុក ហើយជនរងគ្រោះផ្ញើលុយឲ្យជាង២០ដងចាញ់បោកគេអស់លុយដល់ទៅ…

    ខេត្តកណ្តាល៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការឃាត់ខ្លួន ក្រោយឆបោកអស់១ម៉ឺនដុល្លារ។ ករណីឆបោកបានកើតហេតុនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅចំណុច ភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    ជនរងគ្រោះមានឈ្មោះ ស៊ុម តូច ភេទស្រី អាយុ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនសង្ស័យទាំង០២នាក់មានទី១-ឈ្មោះ ផន ណារី ភេទស្រី អាយុ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ ផន ណារី, ឈ្មោះ Phan Nha និងទី២-ឈ្មោះ ផាត់ (ប្រើអាខោនហ្វេសប៊ុកឈ្មោះ រដ្ឋ ថា) ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ (គេចខ្លួន) លេខទូស័ព្ទ 097 887 88 99។ វត្ថុតាងចាប់យករួមមាន៖ កងដៃលោហ:ធាតុពណ៌លឿង ចំនួន២១កង និងចិញ្ចៀនលោហៈធាតុពណ៌លឿង ចំនួន៣វង់ ។

    តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃមិនចាំអំឡុងឆ្នាំ២០២០ ឈ្មោះ ផន ណារី ជាអ្នកស្គាល់គ្នាជាមួយជនរងគ្រោះ បានណែនាំឲ្យជនរងគ្រោះស្គាល់បុរសម្នាក់ដែលប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ (រដ្ឋ ថា) បន្ទាប់ពីជនរងគ្រោះបានឆាតទំនាក់ទំនងជាមួយអាខោនហ្វេសប៊ុកឈ្មោះ រដ្ឋ ថា បានមួយរយៈក្រោយឈ្មោះ ផន ណារី បានប្រាប់ជនរងគ្រោះថា ឪពុករបស់ឈ្មោះ រដ្ឋ ថា ត្រូវការលុយ ហើយឈ្មោះ ផន ណាវីថា បងឯងផ្ញើលុយឲ្យគាត់ទៅ ព្រោះខ្ញុំស្គាល់ឈ្មោះ រដ្ឋ ថា ច្បាស់ណាស់ ។

    ឈ្មោះ ផន ណាវី បានខលប្រាប់ជនរងគ្រោះថា ស្គាល់កន្លែងធ្វើការនិងក្រុមគ្រួសាររបស់ឈ្មោះ រដ្ឋ ថា ច្បាស់ណាស់និងមានមុខងារជាទាហានថែមទៀត ។ ឈ្មោះ រដ្ឋ ថា បានឆាតជាអក្សរមក Facebook Messenger របស់ជនរងគ្រោះ ដើម្បីខ្ចីលុយចំនួន ១.០០០$ (មួយពាន់ដុល្លារ) ហើយឈ្មោះ រដ្ឋ ថា បានប្រាប់ជនរងគ្រោះថា ឪពុកគាត់ឈឺធ្ងន់ហើយឲ្យជនរងគ្រោះ វេរលុយតាមវីងទៅលេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ជនរងគ្រោះក៏ចាប់ផ្ដើមផ្ញើជាបន្តបន្ទាប់តាមលេខទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ដដែលចំនួន២១លើក វេរតាមវីងចំនួន១៧លើក តាមទ្រូម៉ានី ៤លើក សរុបទឹកប្រាក់ចំនួន ១០.០០០$ (មួយម៉ឺនដុល្លារ) ។

    ស្រាប់តែថ្ងៃមួយឈ្មោះ ផន ណារី បានខលមកជនរងគ្រោះថាឲ្យដុតក្រដាសផ្ញើលុយទាំងអស់នោះចោលទៅ ហើយឈ្មោះ ផន ណាវី បានមកដល់ផ្ទះជនរងគ្រោះ ហើយ សុំមើលក្រដាសវីង (ផ្ញើលុយ) ប៉ុន្តែជនរងគ្រោះមិនឲ្យ ឈ្មោះ ផន ណារី បានគំរាមថា បើឪពុកម្តាយ ជនរងគ្រោះ ដឹងរឿងទាំងអស់នេះគាត់នឹងឈឺស្លាប់ ។ ដោយមានការសង្ស័យជនរងគ្រោះ ក៏បានហៅឈ្មោះ ផន ណារី ឲ្យជូនទៅជួបឈ្មោះ រដ្ឋ តែឈ្មោះ ផន ណារី មិនព្រមជូនជនរងគ្រោះទៅនោះទេ ហើយឈ្មោះ ផន ណារី ក៏បាត់ខ្លួន ចាប់តាំងពីពេលដែល ជនរងគ្រោះ ឲ្យជូនទៅជួបឈ្មោះ រដ្ឋ ថា នោះតែម្តង ។

    លទ្ធផលស្រាវជ្រាវស៉ើបអង្កេត៖
    -តាមចម្លើយសារភាពរបស់ឈ្មោះ ផន ណារី : ពិតជាបានសមគំនិតគ្នាជាមួយអាខោនហ្វេសប៊ុក ឈ្មោះ រដ្ឋ ថា បោកលុយពីជនរងគ្រោះ អស់ចំនួន ១០.០០០ដុល្លារ(មួយម៉ឺនដុល្លារ)ពិតប្រាកដមែន។
    -ជនសង្ស័យរួមនិងវត្ថុតាងខាងលើ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

     

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល

    Share This Post: