ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្លោចចិត្ត! ជិះម៉ូតូតាមផ្លូវត្រូវរថយន្តធុនធំរេចង្កូតបុក ប៉ើងទាំងម៉ូតូទាំងមនុស្សជិត៣០ម៉ែត្រដេកដួលក្នុងថ្លុកឈាម ហើយប្រជាពលរដ្ឋខំជួយដឹកតាមរថយន្តទៅសង្គ្រោះដែរ តាមអកុសលបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ

    BY Khmernote Media September 12, 2020
    ខ្លោចចិត្ត! ជិះម៉ូតូតាមផ្លូវត្រូវរថយន្តធុនធំរេចង្កូតបុក ប៉ើងទាំងម៉ូតូទាំងមនុស្សជិត៣០ម៉ែត្រដេកដួលក្នុងថ្លុកឈាម ហើយប្រជាពលរដ្ឋខំជួយដឹកតាមរថយន្តទៅសង្គ្រោះដែរ តាមអកុសលបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ

    ភ្នំពេញ ៖ គួរឲ្យអាសូរ! បុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូឃ្លីក (ភ្នំពេញ 1ID-9644) តែម្នាក់ឯង នាវេលាយប់ស្ងាត់ ត្រូវបានរថយន្តយីឌុបធុនធំដឹកស្រូវមួយគ្រឿង បើកបរយ៉ាងលឿនទៅបុកជាមួយម៉ូតូពេញទំហឹង ខ្ទាតប៉ើងទាំងមនុស្សទាំងម៉ូតូជិត៣០ម៉ែត្រ ដេកដួលក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងចេញមកជួយសង្គ្រោះបឋម និងតាមឃាត់រថយន្តបង្កបានផងដែរ តែអ្វីដែលមិនអាចទ្រាំឈរមើលជនរងគ្រោះត្រូវស្លាប់ដោយគ្មានរថយន្តសង្គ្រោះមកដឹកយកនោះ គឺបងប្អូនប្រជាពលរដ្ឋមានចិត្តល្អ សម្រេចចិត្តសុំសមត្ថកិច្ចលើកជនរងគ្រោះដាក់រថយន្តផ្ទាល់ខ្លួន ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង តែទៅដល់បន្ទប់សង្គ្រោះបន្ទាន់ហើយ ជាអកុសល ជនរងគ្រោះដាច់ខ្យល់ស្លាប់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យក៏បានព្យាយាមអស់ពីលទ្ធភាពផងដែរ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងនៅវេលាម៉ោង១០:៤០នាទីយប់ ថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវលេខ៣៦៩ ត្រង់ចំណុចខាងត្បូងវត្តកោះក្របី ស្ថិតក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាក Honda Click ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1ID-9644 ។ ចំណែករថយន្តបង្កម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-4199 ជារថយន្តយីឌុបដឹកស្រូវ ។

    បើតាមសម្ដីអ៊ុំប្រុសម្នាក់រស់នៅក្នុងភូមិកើតហេតុបានរៀបរាប់ប្រាប់អ្នកយកព័ត៌មានយើងថា នៅមុនពេលកើតហេតុ គាត់បានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៦៩ ទិសដៅពីត្បូងទៅជើង (ពីកោះក្របីឆ្ពោះទៅច្បារអំពៅ) ក្នុងលឿនលឿនល្មម លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តយីឌុបធុនធំខាងលើ បើកបរតាមបណ្ដោយផ្លូវ៣៦៩ (ពីច្បារអំពៅចេញទៅកោះក្របី) ក្នុងល្បឿនយ៉ាងលឿន បានរេចង្កូតចូលទៅខាងឆ្វេងដៃបន្តិច ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះកំពុងធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យខ្ទាតប៉ើងទាំងមនុស្សទាំងម៉ូតូជិត៣០ម៉ែត្រ ម៉ូតូខ្ទេចមួយកំណាត់មុខមើលលែងយល់ ចំណែកឯជនរងគ្រោះដេកដួលក្នុងថ្លុកឈាម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងចេញមកជួយសង្គ្រោះបឋម ចំណែកឯរថយន្តបង្កមិនព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋខ្លះទៀតជិះម៉ូតូ និងរថយន្តដេញតាមរថយន្តបង្ករហូតដល់ហួសវត្តគល់ទទឹង៣០០ម៉ែត្រ ទើបឃាត់រថយន្តបង្កបានទាំងរថយន្តនិងអ្នកបើកបរផងដែរ។

    ភ្លាមៗនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នាឃាត់អ្នកបើកបរ រថយន្តរួចប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាននាំខ្លួនយកទៅស្នាក់ការប៉ុស្តិ៍ព្រែកថ្មី ដើម្បីទុកប្រគល់ជូនជំនាញផ្នែកចរាចរណ៍។

    ចំណែកឯជនរងគ្រោះត្រូវបានបងប្អូនប្រជាពលរដ្ឋនាំគ្នាជួយសង្គ្រោះបឋម និងរងចាំសមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកច្បារអំពៅ ឲ្យមកយកដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះផង ដោយបានទំនាក់ទំនងតាមទូរស័ព្ទដែរ តែពុំមានអ្នកលើកឡើយ និងបោះដៃតាមវិទ្យុទាក់ទង(ID)ជាច្រើនដងទៀត ក៏មិនមានអ្នកណាតបដែរ ។

    ចំពោះការទំនាក់ទំនងរថយន្តសង្គ្រោះពុំមានការឆ្លើយតបនេះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋនាំគ្នារអ៊ូរទាំយ៉ាងខ្លាំង ចំពោះសេវារថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ ពិបាកទំនាក់ទំនង ហើយថែមទាំងធ្វើការយឺតយ៉ាវខ្លាំងណាស់ និងមិនអាចទ្រាំឈរមើលជនរងគ្រោះត្រូវស្លាប់ដោយគ្មានរថយន្តសង្គ្រោះមកដឹកយកមន្ទីរពេទ្យឡើយ ទើបបងប្អូនប្រជាពលរដ្ឋមានចិត្តល្អ សម្រេចចិត្តសុំសមត្ថកិច្ចលើកជនរងគ្រោះដាក់រថយន្តផ្ទាល់ខ្លួនម៉ាក Highlander ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែម្ដង ដោយមានរថយន្តសារ៉ែនរបស់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បើកសារ៉ែនបើកផ្លូវរហូតទៅដល់មន្ទីរពេទ្យកាល់ម៉ែត តែទៅដល់បន្ទប់សង្គ្រោះបន្ទាន់ហើយ ទោះបីជាយ៉ាងណាក៏ក្រុមគ្រូពេទ្យបានជួយដាក់អុកស៊ីហ្សែន និងជួយសង្គ្រោះតាមជំនាញ រហូតអស់ពីលទ្ធភាពហើយ ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ក៏មិនអាចជួយសង្គ្រោះបានដែរ ព្រោះស្ថានភាពជនរងគ្រោះរបួសធ្ងន់ធ្ងរពេកទើបបានជាដាច់ខ្យល់ស្លាប់បាត់ទៅ ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

    Share This Post: