ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ជំរិតទៀតហើយ! ឃាត់ខ្លួនជនជាតិចិន និងខ្មែរ០៧នាក់ ចាប់បង្ខាំងជនជាតិចិន០៣នាក់ រួចជំរិតទារប្រាក់ចំនួន…

    BY Khmernote Media September 12, 2020
    ចាប់ជំរិតទៀតហើយ! ឃាត់ខ្លួនជនជាតិចិន និងខ្មែរ០៧នាក់ ចាប់បង្ខាំងជនជាតិចិន០៣នាក់ រួចជំរិតទារប្រាក់ចំនួន…

    ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០ និង៣០នាទី កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Gao MingShuai ថា មិត្តភក្តិរបស់គាត់ឈ្មោះ Wen QiLiang ភេទប្រុស ជនជាតិចិន ត្រូវបានក្រុមជនសង្ស័យចាប់យកទៅបង្ខាំងទុកនៅកន្លែងមួយមិនស្គាល់ រួចជំរិតទារប្រាក់ចំនួន ១០,០០០$ (មួយម៉ឺនដុល្លារអាមេរិក)។

    បន្ទាប់ពីទទួលបណ្តឹងរួចសមត្ថកិច្ចយើងបានធ្វើការស្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៩ និង០០នាទីព្រឹក សមត្ថកិច្ចយើងកំណត់បានទីតាំងបង្ខាំងជនសង្ស័យស្ថិតនៅចំណុចផ្ទះសំណាក់វួយអ៊ីណា ក្រុមទី១៦ ភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បន្ទាប់មកកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានរាយការណ៍ជូនឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ហើយឯកឧត្តម ព្រះរាជអាជ្ញាបានឯកភាពអោយកម្លាំងសមត្ថកិច្ចយើងចុះទៅប្រតិបត្តិការនៅកន្លែងកើតហតុ ភ្លាមនោះកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង , កម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់២ ចុះទៅប្រតិបត្តិការនៅកន្លែងកើតហេតុ ជាលទ្ធផលសមត្ថកិច្ចយើងបានជួយរំដោះជនរងគ្រោះចំនួន ៣នាក់ ភេទប្រុស ជនជាតិចិន និងឃាត់ខ្លួនជនសង្ស័យ០៧ នាក់ ក្នុងនោះមាន ៤នាក់ភេទប្រុស ជនជាតិខ្មែរ និង៣នាក់ ភេទប្រុស ជនជាតិចិន យកមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។

    -ជនរងគ្រោះ៣នាក់ មានឈ្មោះដូចខាងក្រោម៖
    ១.ឈ្មោះ He Wei ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅរាជធានីភ្នំពេញ ។
    ២.ឈ្មោះ He A Kun ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិចិន មុខរបរ អ្នកលក់សំបុត្រយន្តហោះ មានទីលំនៅរាជធានីភ្នំពេញ ។
    ៣.ឈ្មោះ Gao MingShuai ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកខារ៉ាអូខេ មានទីលំនៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

    -ជនសង្ស័យចំនួន៧នាក់ មានឈ្មោះដូចខាងក្រោម៖
    ១.ឈ្មោះ Cheng PengYun ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង មានទីលំនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ មិននៅជាប់ខ្លួន ។
    ២.ឈ្មោះ Chen FuLi ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជនជាតិ ចិន មុខរបរ ក្រុមចងការប្រាក់ (ផ្នែកយាម) មានទីលំនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ មិននៅជាប់ខ្លួន ។
    ៣.ឈ្មោះ Hai QuanShan ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរ ជនជាតិ ម៉ុងកាលី (ចេះភាសាចិន) មុខរបរ ក្រុមចងការប្រាក់(ផ្នែកទារប្រាក់) មានទីលំនៅភូមិ១ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ លិខិតឆ្លងដែនៈ មិននៅជាប់ខ្លួន ។
    ៤.ឈ្មោះ ង៉ែត ពើត ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៥ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
    ៥.ឈ្មោះ ខៀវ សុវណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
    ៦.ឈ្មោះ ស្រ៊ី ហួត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
    ៧.ឈ្មោះ ង៉ែត ហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ៣ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

    វត្ថុតាងចាប់យកបានរួមមាន៖
    – រថយន្ត១គ្រឿងម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ:ភ្នំពេញ 2BE-9670
    – ម៉ូតូ2គ្រឿង (ម៉ាកSmash Revo 1គ្រឿង និងម៉ាក Duke 1គ្រឿង)
    – លិខិតខ្ចីប្រាក់2សន្លឹក (ភាសាខ្មែរ1សន្លឹក ;ភាសាចិន 1សន្លឹក)
    – ពិលឆក់1
    – ដំបងឆក់ 1
    – ស្រ្ពៃបាញ់ភ្នែក 1 ។
    ករណីនេះ ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងនិតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ។
    សូមគោរពជូនជ្រាប ! ពីខ្ញុំ ! ឧ.ត្រី កុល ផាលី

    Share This Post: