ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញឡាន TUNDRA បើកលឿន ហើយចុចស៊ីផ្លេខ្លាំងៗច្រើនដង ក៏ស្រែកថា “បងឯងបើកឡានលឿន ហើយស៊ីផ្លេឮខ្លាំងៗម៉្លេះ ប្រយ័ត្នបុកខ្ញុំណា” ស្រាប់តែត្រូវតៃកុងឡាន TUNDRA បើកឡានបំបុកតែម្តង បណ្តាលឲ្យរបួសតាំងពីក្បាលដល់ជើង

    BY Khmernote Media September 13, 2020
    ឃើញឡាន TUNDRA បើកលឿន ហើយចុចស៊ីផ្លេខ្លាំងៗច្រើនដង ក៏ស្រែកថា “បងឯងបើកឡានលឿន ហើយស៊ីផ្លេឮខ្លាំងៗម៉្លេះ ប្រយ័ត្នបុកខ្ញុំណា” ស្រាប់តែត្រូវតៃកុងឡាន TUNDRA បើកឡានបំបុកតែម្តង បណ្តាលឲ្យរបួសតាំងពីក្បាលដល់ជើង

    រាជធានីភ្នំពេញ៖ បុរសម្នាក់របួសពីក្បាលដល់ជើង បន្ទាប់ពីត្រូវបុរសម្នាក់បើករថយន្ត TUNDRA ដឹកនារី២នាក់ មកពីក្រោយហើយចុចស៊ីផ្លេឮខ្លាំងៗ ខណៈពេលខ្លួនបើករថយន្តមួយគ្រឿងអែបៗតាមផ្លូវ ដើម្បីឱ្យនារីម្នាក់ដែលរួមដំណើរជាមួយ មានអាការៈពុលឡាន បានស្រូបយកខ្យល់អាកាសបន្តិចសិន លុះពេលសួរថា “បងឯងបើកឡានលឿន ហើយស៊ីផ្លេឮខ្លាំងៗម៉្លេះ ប្រយ័ត្នបុកខ្ញុំណា” បែរជាម្ចាស់រថយន្ត TUNDRA បើករថយន្តដេញបំបុកតែម្ដង បណ្ដាលឲ្យដួលហើយរយ៉ែថយក្រោយបំណងកិនទៀត តែជនរងគ្រោះគេចផុត ហើយក៏បើករថយន្តយកទៅទុកក្នុងភោជនីយដ្ឋានជំនោរក្បាលកោះរួចគេចខ្លួនបាត់ទៅ ។

    ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋពេញភូមិ កាលពីវេលាម៉ោង០៦ព្រលប់ ថ្ងៃសៅរិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចជិតភោជនីយដ្ឋានទន្លេលាភ ផ្លូវបេតុង(កោះនរាណ៍) ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

    បើតាមសម្ដីជនរងគ្រោះមានឈ្មោះ ថាច់ ភក្តី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកកង់បី ជនជាតិខ្មែរ ស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានខ្មែរណូតយើងដូច្នេះថា នៅមុនកើតហេតុ ខ្លួនបានត្រលប់មកពីវត្តពុទ្ធមណ្ឌល ហើយបានបើករថយន្តមួយគ្រឿង ម៉ាក LEXUS RX470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2J-9007 ជូនបងប្អូនត្រលប់ទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុ ស្ត្រីម្នាក់ត្រូវជាបងប្អូនរបស់ខ្លួនរួមដំណើរក្នុងរថយន្តពុលឡាន ទើបរូបគេបានបើករថយន្តអែបខាង និងចុះទៅមើលស្ត្រីដែលពុលឡាននោះ ស្រូបយកខ្យល់អាកាសបន្តិចសិន បន្ទាប់មករូបគេក៏បានរត់ឡើងមកបើករថយន្តវិញ ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាធុនត្រា(TOYOYA TUNDRA) ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AH-1226 បើកបរដោយបុរសម្នាក់ និងមាននារី២នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ក្នុងល្បឿនយ៉ាងលឿន រួចចុចស៊ីផ្លេដាក់ជាច្រើនដង ទើបខ្លួនក៏ស្រែកដាក់ទៅភាគីខាងរថយន្ត TUNDRA ថា បងហា “បងឯងបើកឡានលឿន ហើយស៊ីផ្លេឮខ្លាំងៗម៉្លេះ ប្រយ័ត្នបុកខ្ញុំណា” ទើបអ្នកបើកបររថយន្ត TUNDRA បានចុះពីរថយន្តសំដៅមករកគាត់ ទាំងសភាពទំនងជាស្រវឹងផងដែរ រួចបានមកគោះកញ្ចក់រថយន្តរបស់គាត់ ហើយទាញកអាវគាត់ថែមទៀតផង ដោយយល់ថាគាត់ស្រវឹង ក៏ខ្ចិលវែងឆ្ងាយក៏បិទកញ្ចក់រថយន្ត ហើយបើករថយន្តចេញពីកន្លែងកើតហេតុនោះ ។

    ជនរងគ្រោះបន្តថា ភ្លាមនោះភាគីខាងរថយន្ត TUNDRA បានបើកវ៉ារថយន្តរបស់ខ្លួនទៅមុខប្រហែល50ម៉ែត្រ រួចចុះមកកាន់ដុំដែកមួយ គប់មកលើរថយន្តរបស់គាត់ បណ្ដាលឲ្យធ្លុះជញ្ជាំងរថយន្តផ្នែកខាងស្ដាំ ហើយរូបគាត់ក៏ចុះមកមើល ស្រាប់តែបុរសដែលបើករថយន្ត TUNDRA នោះឡើងបើករថយន្តសំដៅមកបុកគាត់តែម្ដង ធ្វើឲ្យគាត់ដួលអែបក្បែររបងផ្ទះប្រជាពលរដ្ឋ ហើយអ្នកបើករថយន្ត TUNDRA នោះ ក៏បានរយ៉ែថយក្រោយ បំណងកិនគាត់ផងដែរ ប៉ុន្តែគាត់បានគេចខ្លួនទាន់ បណ្ដាលឲ្យរងរបួសបែកក្បាល ប៉ោងមុខប៉ោងមាត់ និងមានស្នាមរយះ និងរលាត់ស្បែកជាច្រើនកន្លែង (ពីចុងជើងរហូតដល់ក្បាល) ។ ចំណែកឯនារីពីរនាក់ដែលជាអ្នករួមដំណើរក្នុងរថយន្តម៉ាកធុនត្រានោះក៏បានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែសម្ភារៈនិងកាបូបផ្សេងៗនៅក្នុងរថយន្តចំណែកឯអ្នកបើកបររថយន្ត TUNDRA ក៏បានបើករថយន្ដយកទៅទុកក្នុងភោជនីយដ្ឋានមួយកន្លែង យីហោជំនោរក្បាលកោះ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយទុករថយន្តចោល ហើយចុះរត់គេចខ្លួនបាត់ស្រមោល ។

    បើតាមសម្ដីអនុសេនីយ៍ឯក ហោ ស៊ីលីហ៊ូវ នាយប៉ុស្តិ៍នគរបាលនិរោធ បានថ្លែងប្រាប់ថា បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងប៉ុស្តិ៍នគរបាលនិរោធ សហការជាមួយជំនាញខណ្ឌច្បារអំពៅ បានចុះមកដល់កន្លែងកើតហេតុ ហើយធ្វើការសាកសួរ រួចយករថយន្ដ TUNDRA នោះ យកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ។

    ជាមួយគ្នានេះ ជនរងគ្រោះរួមទាំងក្រុមគ្រួសារក៏បានទៅដាក់ពាក្យបណ្ដឹង នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីស្នើសុំអោយសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ ធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តម៉ាក TUNDRA នោះ ឲ្យចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់ផងដែរ ។

    បច្ចុប្បន្នក្រោយពីបានទទួលពាក្យបណ្ដឹងជនរងគ្រោះរួចមក កម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ក៏បានឱ្យជនរងគ្រោះទៅព្យាបាលរបួសសិន រងចាំសមត្ថកិច្ចធ្វើការស្រាវជ្រាវរកម្ចាស់រថយន្តម៉ាក TUNDRA នោះ ដើម្បីឲ្យចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: