បើករថយន្តតាក់ស៊ីដឹកភ្ញៀវ មិនប្រយ័ត្នទៅបុករថយន្ត TACOMA ខ្ទេចរថយន្តខ្លួនឯងមួយកំណាត់មុខ ហើយសងការខូចខាតរថយន្តគេទៀត!
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ពេលមេឃកំពុងរលឹមស្រិចៗ ដែលបង្កឡើងដោយបុរសម្នាក់ បើករថយន្ត PRIUS រត់តាក់ស៊ី ដឹកភ្ញៀវប្រុសស្រី២នាក់ ក្នុងល្បឿនលឿនមិនប្រយ័ត្ន ទៅបុកគូទរថយន្ត TACOMA កំពុងឈប់ស្តុប បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អ មិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅចំណុចស្តុបវិទ្យាល័យ ព្រះស៊ីសុវត្ថិ ផ្លូវព្រះនរោត្តម កែងផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នាវេលាពាក់កណ្ដាលអាធ្រាត្រ ចូលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AK-6414 បើកបរដោយបុរសម្នាក់ និងបុរស២នាក់ទៀតរួមដំណើរជាមួយ បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលមកឈប់រងចាំស្តុបនៅចំណុចកើតហេតុ ស្រាប់តែមានរថយន្តតាក់ស៊ីមួយគ្រឿង ម៉ាកតូយ៉ូតា ព្រូស (TOYOTA PRIUS ) បើកបរដោយបុរសម្នាក់ ដឹកភ្ញៀវប្រុសស្រី២នាក់ទៀត បានធ្វើដំណើរស្របទិសគ្នាមកពីក្រោយ ក៏ជ្រុលទៅបុកចំពេញទំហឹង បណ្ដាលឲ្យរថយន្ត PRIUS រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងហុយផ្សែងទ្រលោម រីឯរថយន្ត TACOMA ខ្ទាតទៅមុខប្រហែល៣ម៉ែត្រ ខូចខាតផ្នែកកាងខាងក្រោយយ៉ាងដំណំ តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសទេ។ ក្រោយមកភាគីទាំងសងខាងបាន ចុះមកធ្វើការដោះស្រាយគ្នា ដោយភាគីខាងរថយន្ត PRIUS យល់ព្រមសងការខូចខាតទៅអោយភាគីខាងរថយន្ត TACOMA ផងដែរចំណែកភ្ញៀវប្រុសស្រីទាំង២នាក់បានឡើងជិះកង់បីបន្តដំណើរទៅមុខទៀតទៅ ។
បច្ចុប្បន្នក្រោយកើតហេតុ ភាគីខាងរថយន្ត PRUIS យល់ព្រមសងការខូចខាតទៅកាន់រថយន្ត TACOMA ដើម្បីបញ្ចប់រឿង មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ចុះមកជួយអន្តរាគមន៍ ឡើយ ៕








ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត