មនុស្សជាង១០០០នាក់ ដែលជាប់នៅលើកោះរ៉ុង និងកោះសង្សារ សមត្ថកិច្ចបានជួយយកមកដីគោកវិញហើយ
ព័ត៌មានជាតិ September 20, 2020 Khmernote Media

ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំង នគរបាលខេត្តព្រះសីហនុ បានសហការជាមួយក្រុមហ៊ុន ទូកឯកជន ចេញទៅយកភ្ញៀវ ដែលជាប់តាមកោះរ៉ុង និង កោះសង្សារចំនួន ១០៩២នាក់មកដីគោក។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយដឹងថា ដោយសារបញ្ហាអាកាសធាតុ ប្រទេសកម្ពុជាយើងរងឥទ្ធិពលព្យុះឈ្មោះថានូល ។

លោកឧត្តមសេនីយ៍ទោ បានប្តថា ដោយសារមានភ្លៀងនិងខ្យល់ខ្លាំងទើបមិនអាចអោយភ្ញៀវជាតិ និងអន្តរជាតិឡើងមកដីគោកបាន។

លោកស្នងការ បន្ថែមថា ដោយមានការណែនាំពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទាក់ទងទៅក្រសួងធន់ធានទឹក និងឧត្តុនិយមថា អាកាសធាតុល្អប្រសើរ ចន្លោះពីម៉ោង១០ ដល់ម៉ោង១រសៀល។ ហេតុដូច្នេះ ទើបកម្លាំងនគរបាលទេសចរណ៍ និងនគរបាលជើងទឹក សហការជាមួយក្រុមហ៊ុនទូកឯកជន ទៅយកភ្ញៀវទាំងអស់ មកដីគោកវិញ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា កម្លាំង នគរបាលយើង បានជិះទូកអមទូកដឹកភ្ញៀវ ទូកដឹកភ្ញៀវមិនអោយលើសចំណុះ មាន អាវពោងត្រឹមត្រូវ និងមានការយកចិត្តទុកដាក់ពីលោកអភិបាលក្រុងកោះរ៉ុងថែមទៀតផង៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ