ចិនម្នាក់ក្នុងចំណោម១០នាក់ ធ្លាក់ចូលទន្លេចតុមុខបាត់ ក្រោយជួលទូកទេសចរណ៍ជិះលំហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធតាមដងទន្លេ
ព័ត៌មានជាតិ September 21, 2020 Khmernote Media

រាជធានីភ្នំពេញ៖ ជនជាតិចិនមួយក្រុមជួលទូកទេសចរណ៍លំហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធនៅតាមដងទន្លេមេគង្គ និងទន្លេចតុមុខ លុះពេលដល់កណ្ដាលទន្លេ ស្រាប់តែជនជាតិចិនម្នាក់ មិនដឹងយ៉ាងម៉េច ស្រាប់តែរអិលដាច់ផ្ងារធ្លាក់ពីលើដំបូលទូកទេសចរណ៍ចូលទឹកទន្លេ បណ្ដាលឲ្យលិចបាត់ខ្លួនតែម្តង។

មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចកណ្ដាលទន្លេចតុមុខ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បុរសជនជាតិចិនរងគ្រោះអាយុប្រហែល៤០ឆ្នាំជាង ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតថា មុនពេលកើតហេតុ មានជនជាតិចិនមួយក្រុម បានមកជួលទូកទេសចរណ៍មួយគ្រឿង ដែលមានឈ្មោះ “ប៉ារីសឡឺមេគង្គ” នៅត្រង់ចំណតជិតព្រះគម្លង់ ទល់មុខវត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីជិះកម្សាន្តនៅលើផ្ទៃទឹកទន្លេមេគង្គ និងទន្លេចតុមុខ ដោយបានឡើងទៅជាន់ខាងលើ(ដំបូលទូក) លំហែអារម្មណ៍ស្រូបខ្យល់អាកាសបរិសុទ្ធ លុះមកដល់វេលាម៉ោងកើតហេតុ ក្រោយពេលទៅជិតដល់ម្តុំកោះពេជ្រ លើដងទន្លេចតុមុខ ស្រាប់តែមានបុរសជនជាតិចិនម្នាក់មិនដឹងយ៉ាងម៉េច បានរអិលធ្លាក់ពីជាន់ខាងលើដំបូលទូកនោះ ចូលទៅក្នុងទឹកទន្លេតែម្តង ទើបអ្នកបើកទូកទេសចរណ៍ខាងលើ បានឈប់ស្ងៀមកណ្ដាលទន្លេ ដើម្បីរងចាំជួយសង្គ្រោះដែរ តែមិនឃើញជនជាតិចិននោះឡើយ ទើបបើកទូកទេសចរណ៍នោះ ត្រលប់មកអែបមាត់ច្រាំងកន្លែងចំណតវិញ បង្កការភ្ញាក់ផ្អើលឡើងតែម្ដង ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ គេឃើញមានកងកម្លាំងនគរបាលជើងទឹក និងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយម្ចាស់ទូក និងបងប្អូនខ្មែរឥស្លាម ចេញប្រតិបត្តិការស្វែងរកបុរសជនជាតិចិនរងគ្រោះនោះហើយ។

គិតមកទល់ម៉ោង០៩ព្រឹកថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២០នេះ បុរសជនជាតិចិនដែលរអិលជើងធ្លាក់ចូលទឹកទន្លេចតុមុខខាងលើ មិនទាន់ដឹងថាស្លាប់ ឬរស់នោះទេ ព្រោះមិនទាន់រកឃើញនៅឡើយនោះទេ ខណៈដែលកម្លាំងនគរបាលចរាចរណ៍ជើងទឹក បានបញ្ចេញអូប័រចេញជួយអន្តរាគមន៍ ដោយមានបងប្អូនខ្មែរឥស្លាម ដែលមិត្តភ័ក្តជនជាតិចិនដែលបាត់ខ្លួននោះ បានជួលអោយជួយចុះ មុជទឹករុករកដែរ តែមិនទាន់រកឃើញនៅឡើយ ៕

ដោយ៖ បងម៉េង ខ្មែរណូត