ព័ត៌មានជាតិ

ឡើងជញ្ជាំងចូលផ្ទះលួចលុយ១៥០០$ និងគ្រឿងអលង្ការគេ គេចខ្លួនបាត់៤ថ្ងៃជិះម៉ូតូមកលួចទៀត ត្រូវម្ចាស់ផ្ទះចាប់ទាន់ប្រតាយប្រតប់ វាយម្ចាស់ផ្ទះបែកក្បាល ផ្អើលអ្នកជិតខាងជួយចាប់ប្រគល់ទៅឲ្យប៉ូលីស

BY
srey nuch
September 21, 2020

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ឡើងជញ្ជាំងចូលផ្ទះអ្នកលក់បាយលួចទ្រព្យសម្បត្តិ បានលុយ១៥០០ដុល្លារ និងគ្រឿងអលង្ការ មួយចំនួនទៀត យកអោយទៅម៉ែ ម៉ែអោយម៉ូតូជិះបានប៉ុន្មានថ្ងៃ បំណងទៅលួចទៀត តែត្រូវម្ចាស់ផ្ទះមកវិញទាន់ ហើយស្រែឆោឡោថា “ចោរៗ” និងចាប់ប្រតាយប្រតប់គ្នា បណ្ដាលឲ្យម្ចាស់ផ្ទះរបួសក្បាល បង្កការភ្ញាក់ផ្អើលដល់កូនប្រុសម្ចាស់ផ្ទះនិងប្រជាពលរដ្ឋ ជិតខាងនាំគ្នាជួយចាប់ជនសង្ស័យបាន រួចរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែលើ ចុះមកឃាត់ខ្លួនយកទៅធ្វើការសាកសួរ ភ្លាមៗផងដែរ។ ហេតុការណ៍នេះបានកើតមានឡើងនាវេលាម៉ោង០០:៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១៥៥ (ជិតក្រុមហ៊ុនលក់ម៉ូតូ Suzuki) ផ្លូវលំ ក្រុម២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គឹម វិបុល ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខក្រុមភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ក្បែរផ្ទះរបស់ជនរងគ្រោះ) ។ ចំណែកជនរងគ្រោះមានឈ្មោះ ស្រាំង ប៊ុនធឿន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១១៥៥ ផ្លូវលំក្រោម ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ផ្ទះកើតហេតុ)។ បើយោងតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងសម្ភារៈបាត់បង់មានលុយដុល្លារ ចំនួន១៥០០ដុល្លារ, ខ្សែដៃមាស ចំនួន០១តំឡឹង, បន្តោងខ្សែក ចំនួន០៣ជី, ចិញ្ចៀនត្រាមាស ចំនួន០៣ជី, មានទាំងអស់ក្រវិលផ្លាកទីន ចំនួន ០១គូ, ទូរទស្សន៍ ចំនួន០១គ្រឿង ម៉ាស៊ីនវាស់ឈាម ចំនួន០១គ្រឿង នឹងម៉ាស៊ីនវាស់ចរន្តអគ្គិសនី ចំនួន០១គ្រឿងទៀត។ វត្ថុតាងចាប់យកមាន៖ ត្បូងតូចៗ ចំនួន០៦គ្រាប់ (ពណ៌ទឹកប៊ិច ចំនួន០៥គ្រាប់, ពណ៌ក្រហម ចំនួន០១គ្រាប់) ជារបស់ជនរងគ្រោះ និងម៉ូតូមួយគ្រឿងម៉ាកស្កុបពី (Honda Scoopy) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CW-2135 ។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យក្រុមការងារខ្មែរណូតដឹងថា កាលពីវេលាម៉ោង១៣:៣០នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ជនរងគ្រោះបានចាក់សោរផ្ទះរបស់ខ្លួន រួចចេញទៅលក់បាយនៅផ្ទះជួលមួយកន្លែងទៀត (ជិតអតីតខេមបូសិក) នៅតាមផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រហូតដល់ម៉ោង០២:៣០នាទីរំលងអាធ្រាត្រ ឈានថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ ទើបជនរងគ្រោះបានត្រលប់មកវិញ ហើយចូលផ្ទះឃើញមានស្នាមជើងមនុស្ស ឡើងតាមជញ្ជាំងចូលតាមប្រហោងយ៉ខាងមុខផ្ទះ ទើបប្រញាប់ចាក់សោចូលទៅក្នុងផ្ទះ ឃើញទូរកញ្ចក់ចំហទ្វារ ហើយរកមើលលុយចំនួន១៥០០ដុល្លារ និងគ្រឿងអលង្ការ មួយចំនួនទៀត មានខ្សែដៃមាស ចំនួន០១តំឡឹង, បន្តោងខ្សែក ចំនួន០៣ជី, ចិញ្ចៀនត្រាមាស ចំនួន០៣ជី, មានទាំងអស់ក្រវិលផ្លាកទីន ចំនួន០១គូ, រួមទាំងសម្ភារៈមួយចំនួនដូចជា ទូរទស្សន៍ ចំនួន០១គ្រឿង ម៉ាស៊ីនវាស់ឈាម ចំនួន០១គ្រឿង នឹងម៉ាស៊ីនវាស់ចរន្តអគ្គិសនី ចំនួន០១គ្រឿងទៀត បានបាត់អស់ទៅហើយ ។ ទើបជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ ដើម្បីអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញា។

រហូតមកដល់វេលាម៉ោង០១:៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ជនរងគ្រោះបានឃើញជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាកស្កូបពីខាងលើ ចូលមកកន្លែងផ្ទះរបស់ជនរងគ្រោះទៀត បម្រុងធ្វើសកម្មភាពឡើងផ្ទះរបស់ជនរងគ្រោះម្ដងទៀត ពេលនោះជនរងគ្រោះមកទាន់ក៏ចាប់ជនសង្ស័យ ហើយស្រែឆោឡោថា”ចោរៗ” តែទំរាំចាប់បាន ជនសង្ស័យបានតដៃជាមួយជនរងគ្រោះបណ្ដាលឲ្យរងរបួសបែកក្បាល បង្កការភ្ញាក់ផ្អើល ដល់កូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀត និងបងប្អូនប្រជាពលរដ្ឋរស់នៅជិតខាង ប្រដាប់ដោយដំបងចេញមកជួយចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង រួចរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ ចុះមកឃាត់ខ្លួន វាយខ្នោះជនសង្ស័យយកទៅធ្វើការសាកសួរនៅប៉ុស្តិ៍ផងដែរ។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានធ្វើសកម្មភាព ឡើងជញ្ជាំងផ្ទះចូលលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ស្រាំង ប៊ុនធឿន កាលពីវេលាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះពិតប្រាកដមែន និងពិនិត្យរកឃើញ មានសារធាតុញៀនក្នុងទឹកនោមថែមទៀតផង។

ជាមួយគ្នានោះដែរ ភាគីខាងជនរងគ្រោះ បានប្រាប់អោយដឹងថា ជនសង្ស័យខាងលើ បន្ទាប់ពីលួចបានលុយ និងគ្រឿងអលង្ការ របស់គាត់ហើយ បានយកទៅប្រគល់អោយម្ដាយរបស់គេមួយចំនួន ហើយម្ដាយក៏អោយម៉ូតូម៉ាក Scoopy ខាងលើទៅអោយជនសង្ស័យ ជិះផងដែរ។ បច្ចុប្បន្នក្រោយកើតហេតុ ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើត្រូវបានសមត្ថកិច្ចធ្វើការ ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋានខណ្ឌមានជ័យ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០នេះ ៕

ប្រភព & អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: