ព័ត៌មានជាតិ

ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលនៅតែបន្តសកម្មភាពទិញលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ

BY
srey nuch
September 22, 2020

ភ្នំពេញ៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថាអាជ្ញាធរជាតិអប្សរាព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនណាដែលនៅតែបន្តសកម្មភាពទិញលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីការពារតម្លៃតំបន់បេតិកភណ្ឌជាតិឱ្យបានគង់វង្ស។ អាជ្ញាធរជាតិអប្សរាបានអំពាវនាវដល់សាធារណជនទំាងអស់ សូមកុំឱ្យជឿការឆបោក របស់ជនអគតិមួយចំនួនដែលប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ដើម្បីបង្ការការខូចខាតផលប្រយោជន៍របស់សាធារណជន ខណៈដែលដីក្នុងតំបន់នេះពុំអាចលក់ដូរបានឡើយ។

លោកឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការតាមផ្លូវ ក្នុងករណីដែលជនខិលខូចមួយចំនួនមិនព្រមបញ្ឈប់សកម្មភាពរបស់ខ្លួន ក្នុងការប្រកាសលក់ដីធ្លីក្នុងតំបន់ការពារទី១ និងទី២នៃរមណីយដ្ឋានអង្គរ ខណៈដែលអាជ្ញាធរជាតិអប្សរាតែងតែបានប្រកាសជាសាធារណៈពីការហាមឃាត់ ការទិញលក់ដីធ្លីក្នុងតំបន់ឧទ្យានអង្គរជាច្រើនដងរួចមកហើយ។

លោកបន្តថា ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន រស់នៅយូរលង់មកហើយ នៃឧទ្យានអង្គរ អាចបន្ដរស់នៅតទៅទៀតបាន ដោយមិនមានការដេញឲ្យចាកចេញពីភូមិដ្ឋានឡើយ ក៏ប៉ុន្តែរាល់ការសាងសង់ផ្ទះថ្មី ត្រូវហាមឃាត់ជាដាច់ខាត ដូច្នេះប្រជាពលរដ្ឋដែលបានទិញដីក្នុងតំបន់នេះ នឹងក្លាយជាជនរងគ្រោះ ព្រោះថាពួកគាត់មិនអាចសាងសង់សំណង់ឬធ្វើអ្វីដែលផ្ទុយនឹងច្បាប់បានឡើយ។ លោកបញ្ជាក់ថា បើគាត់នៅតែបន្ត យើងនឹងមានវិធានការផ្លូវច្បាប់ ជាវិធានការតែមួយគត់ ដែលយើងមាន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់មកចូលរួមអនុវត្តតាមផ្លូវច្បាប់ចំពោះរឿងហ្នឹង យើងបានប្រាប់ច្រើនដងហើយ បានប្រកាសជាសាធារណៈពីការហាមលក់ដូរដីក្នុងតំបន់ហ្នឹង ម្យ៉ាងទៀតថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តបានចេញលិខិតណែនាំដល់អាជ្ញាធរឃុំសង្កាត់ កុំឱ្យចុះហត្ថាលេខាលើលិខិតទិញលក់ដីក្នុងតំបន់ហ្នឹង អ្វីដែលជាសំណូមពរសុំឱ្យគាត់ចូលរួម កុំទិញដីក្នុងតំបន់ការពារបេតិកភណ្ឌ ព្រោះជាដីសាធារណៈរបស់រដ្ឋ ទី២រាល់ការទិញដីហើយមិនអាចធ្វើការសាងសង់អ្វីបានទេ ចឹងគាត់ក្លាយជាជនរងគ្រោះទៅវិញទេ អ៊ីចឹងអ្នកលក់ដែលភូតភរថាសាងសង់បានហ្នឹងកុំជឿគេ ហើយក្លាយជាជនរងគ្រោះ។

សូមបញ្ជាក់ថា ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការ ការពារកម្រិតខ្ពស់បំផុតដែលតំបន់សម្បូរទៅដោយសំណល់បុរាណវត្ថុដោយមិនអនុញ្ញាតឱ្យប្រើប្រាស់ដីធ្លីផ្តេសផ្តាសឬការអភិវឌ្ឍន៍មិនសមស្របឡើយ។ បន្ថែមពីនេះទៀតរាល់ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: