បេក្ខជនប្រឡងបាក់ឌុបនៅក្នុងឆ្នាំ២០២០ មានជាង១២ម៉ឺននាក់ ដែលត្រូវចូលរួមប្រឡងនៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានដឹងថាអ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានគូសបញ្ជាក់ថា សម្រាប់បេក្ខជន ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២០នេះ គឺមានជាង១២ម៉ឺននាក់ ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ។ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា បេក្ខជនដែលដាក់ពាក្យប្រឡងតាមរាជធានី ខេត្តទូទាំងប្រទេសមានចំនួន១២១,២០១នាក់ ក្នុងនោះស្រីចំនួន៦៣,៩៣៧នាក់។

ឯកឧត្ដមបានបន្ដថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិបានចែកជាពីថ្នាក់ គឺថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គមដោយបេក្ខជនដែលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួនសរុបចំនួន៤០,៧៦៥នាក់ ស្រី២៣,៦៣៦នាក់។ ចំណែកបេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៨០,៤៣៦នាក់ ។ បើតាមឯកឧត្ដម រស់ សុវាចា បានបន្ថែមថា ក្រសួងអប់រំបានត្រៀមមណ្ឌលប្រឡងក្នុងឆ្នាំនេះ ចំនួន ២៤១ មណ្ឌល ដោយស្មើ ៤,៨៨៥ បន្ទប់ ក្នុងនោះមណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន៨៦ មណ្ឌលស្មើ ១,៦៦៩បន្ទប់។ ជាមួយគ្នានេះ ក្រសួងអប់រំអះអាងថាគ្មានឡើយការបន្ធូរដៃចំពោះវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលនឹងត្រៀមប្រឡងនៅ ថ្ងៃទី ២១-២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខនោះឡើយ។
អ្នកនាំពាក្យរូបនេះបានបន្ដទៀតថា ដំណើរការរៀបចំការប្រឡង និងដំណើរការ រៀបចំវិញ្ញាសា សម្រាប់ឆ្នាំ២០២០ គឺអនុវត្តន៍ទៅតាមគោលការណ៍ ៤ចំណុច ដែលមានស្រាប់រួមមាន៖ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ការរៀបចំវិញ្ញាសារវិញក្រសួងអប់រំនៅតែអនុវត្តន៍ដូច ជាឆ្នាំមុនៗដដែល។ ក្រៅពីនេះ ក្រសួងអប់រំបានណែនាំដល់អភិបាលរាជធានី ខេត្ត ក្រុង ខណ្ឌភូមិ ស្រុកទូទាំងប្រទេស រួមគ្នាសហការជាមួយនឹងមន្ទីរអប់រំ តាមតំបន់របស់ខ្លួនរៀបចំរក្សាសុវត្ថិភាពទាំងមុន ដំណើរការប្រឡង រហូតដល់ក្នុងការប្រកាសលទ្ធផលប្រឡង។
ឯកឧត្ដមបានឱ្យដឹងដែរថា នៅពេលជិតកៀកថ្ងៃប្រឡងបាក់ឌុបក្រសួងអប់រំបាន ណែនាំឱ្យអភិបាល រាជធានី ខេត្ត ក្រុង ខណ្ឌ ភូមិ ស្រុកចាត់ចែងឱ្យមានអ្នកចុះសម្របសម្រួល ជាមួយនឹងម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ កុំដំឡើងថ្លៃដល់បេក្ខជនប្រឡង និងគណៈ មេប្រយោគ។ លើសពីនេះទៀត សម្រាប់ថ្ងៃប្រឡងមកដល់ក្រសួងអប់រំណែនាំ ឱ្យគ្រប់មណ្ឌលប្រឡងនីមួយៗ សម្រួលដល់ការផ្ញើរកង់ ម៉ូតូ របស់បេក្ខជនប្រឡង និងគណៈមេប្រយោគ។ សម្រាប់ក្នុងដំណើរការប្រឡង ក្រសួងអប់រំ ក៏បានចាត់ចែងឱ្យមានមន្ត្រីសុខាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រាជធានី ខេត្ត គណៈកម្មការ អប្បមាទ គណៈមេប្រយោគ ប្រចាំការ សម្រាប់ជួយសម្រួលដល់សិស្ស ដែលមានបញ្ហាសុខភាព និង ត្រួតពិនិត្យរាល់ដំណើរការប្រឡង ។
សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ឆ្នាំនេះ នឹងប្រព្រឹត្ដទៅចាប់ពីថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២០ ។ ចំពោះលទ្ធផលប្រឡង នឹងប្រកាសនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល។ សម្រាប់ខេត្តដទៃ នឹងប្រកាសនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ៕

ប្រភព៖ ក្រសួងព័ត៌មាន