មុនស្រវឹងឡើងច្រៀងសប្បាយធម្មតា ដល់ពេលស្រវឹងជោកឡើងច្រៀងម្តងទៀតថា ច្រៀងមិនពិរោះសោះ ហើយចោទម្ចាស់ហាងថាបិទសំឡេង អ៉ីហ្គុយ មិនចង់អោយគាត់ច្រៀង ទើបមួម៉ៅបោកចាន បោកកែវ ផ្អើលហាង ភ្ញៀវរត់ចែកជើងគ្នា
រាជធានីភ្នំពេញ ៖ បុរសវ័យប្រហែល៥០ឆ្នាំម្នាក់ស្រវឹងជោកជាំផ្ទុះកំហឹងបោកកែវនិងចាន់បែកខូចខាតពេញហាង “ជំនោរលីលី” ផ្អើលដល់ភ្ញៀវចេញពីក្នុងហាងអស់ ទាំងមិនទាន់គិតលុយ ដោយសារតែខឹងរឿងច្រៀងមិនពិរោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ត្រង់ចំណុចហាងផឹកស៊ីយីហោ “ជំនោរលីលី” ស្ថិតនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

បើតាមសម្តីពីបុរសជារត់តុនៅក្នុងហាងកើតហេតុខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណ៨យប់ មុនពេលកើតហេតុ បុរសដែលជនបង្កនិងគ្នីគ្នាប្រុសស្រី២នាក់ទៀត បានចូលមកអង្គុយផឹកស៉ីនៅខាងក្នុងហាង ក្នុងនោះក៏មានភ្ញៀវផ្សេងទៀតដែលចូលមកអង្គុយផឹកស៉ីប្រមាណ២ទៅ៣តុទៀត និងបាននាំគ្នាច្រៀងលេងកំសាន្តជាធម្មតា។ ហើយជនបង្កក៏បានច្រៀងលេងកំសាន្តជាបន្តបន្ទាប់ចំនួន៤បទ និងផឹកស៉ីជល់កែវគ្នាយ៉ាងសប្បាយរីករាយរហូតស្រវឹងជោកជាំ លុះមកដល់វេលាកើតហេតុ ជនបង្កក៏បានសំណូមពរចម្រៀងមួយបទទៀត ដែលមានចំណងជើងថា “ទំនួញផ្លូវលំ” រួចអ្នករត់តុក៏រៀបចំចម្រៀងតាមការសំណូមពររបស់ជនបង្ក ហើយជនបង្កក៏បានយកមេក្រូមកច្រៀងដូចបទមុនជាធម្មតា។
បន្ទាប់មកខណៈពេលដែលជនបង្កច្រៀងបានប្រមាណតែពាក់កណ្ដាលបទចម្រៀង ជនបង្កហាក់ដូចជាខឹងនឹងអ្វីនោះទេ ស្រាប់តែឈប់ច្រៀងរួចស្រែកថា មិនពិរោះសោះ រួចបោះមេក្រូអោយទៅអ្នករត់តុ ហើយក៏បានទាញចាននិងកែវ បោកទៅនិងឥដ្ឋ បណ្ដាលឲ្យបែកបាក់ខូចខាតអស់មួយចំនួន និងបណ្ដាលខ្ទាតអំបែង ត្រូវស្ត្រីម្នាក់ដែលជាភ្ញៀវអង្គុយនៅតុផ្សេង បណ្តាលឲ្យរងរបួសពកថ្ងាសផងដែរ រួចជនបង្កនោះក៏ចាប់ផ្តើមស្រែកឡូឡា ខឹងសម្បារយ៉ាងខ្លាំងថា “ច្រៀងមិនពិរោះសោះ” និងចោទថាម្ចាស់ហាងបិទសំឡេង អ៉ីហ្គុយ មិនចង់អោយគាត់ច្រៀង បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ភ្ញៀវផ្សេងទៀតដែលចូលមកផឹកស៉ីក្នុងហាងភ័យខ្លាច នាំគ្នាចេញពីហាងអស់ ទាំងមិនទាន់បានគិតលុយត្រឹមត្រូវអ្វីនោះទេ រួមទាំងគ្នីគ្នាដែលមកជាមួយនិងជនបង្ក ក៏នាំគ្នាគេចចេញទៅអស់ទៀត នៅតែជនបង្កដែលកើតទុក្ខមិនសុខចិត្តតែប៉ុណ្ណោះផ្អើលពេញហាង ទើបម្ចាស់ហាងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ផ្សារដើមថ្កូវអោយចុះមកធ្វើការអន្តរាគមន៍តែម្ដង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកធ្វើការអន្តរាគមន៍ និងបាននាំជនបង្កទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដើមថ្កូវ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាជាមួយនិងម្ចាស់ហាងជាបន្តទៀត ៕



ដោយ៖ បងម៉េង ខ្មែរណូត