ព័ត៌មានជាតិ

រថយន្តដឹកទំនិញ២គ្រឿងបុកគ្នាពេញទំហឹង តៃកុងបាត់បង់ជីវិតក្នុងរថយន្ត ប្រើពេលមួយយប់ទល់ភ្លឺនៅមិនទាន់គាស់យកសពចេញបាន

BY
Khmernote Media
September 25, 2020

ខេត្តកណ្តាល៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តដឹកទំនិញ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយតៃកុងកៀបស្លាប់ក្នុងរថយន្តនិងម្នាក់ទៀតរងរបួសធ្ងន់ ប៉ុន្តែរយៈពេល៩ម៉ោងហើយ សពមិនទាន់អាចគាស់ចេញពីរថយន្តបាននៅឡើយទេ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១៖៣៥នាទី យប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ភូមិព្រែកប៉ុល ឃុំបន្ទាយដែ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចអះអាងថា មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-0021 បើកបរដោយឈ្មោះ ថោង សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវិមានទ្រុង សង្កាត់សែនសុខ រាជធានីភ្នំពេញ គៀបក្នុងរថយន្ត ស្លាប់នៅកន្លែងកើតហេតុ ។

រថយន្តនេះ បើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ ។ ពេលបើកមកដល់កន្លែងកើតហេតុ បានរេចង្កូតមកឆ្វេងដៃមកបុក រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3308 បើកបរដោយឈ្មោះ គយ សុភាព ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ រងរបួសធ្ងន់ ដែលមានទិសដៅភ្នំពេញទៅអ្នកលឿង ។

គ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានសមត្ថកិច្ច អះអាងថា បណ្តាលមកពីអ្នកបើកបរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខតាកែវ 3A-0021 ធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន មិនបានពិនិត្យមើលស្ថានភាពផ្លូវខាងមុខ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: