ព័ត៌មានជាតិ
ជិះខុសច្បាប់ ប៉ូលីសផាកអស់ ៦ម៉ឺនរៀល មកវិញផុសហ្វេសបុកជេរប្រមាថសមត្ថកិច្ច ឥលូវនេះកោះអញ្ជើញមកធ្វើការអប់រំណែនាំ និងឲ្យអាណាព្យាបាលធ្វើលិខិតធានា
BY Khmernote Media
September 25, 2020
ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងបណ្តាអង្គភាពសារព័ត៌មានអោយបានជ្រាបថា : សមត្ថកិច្ចខេត្តសៀមរាបបានស្រាវជ្រាវ និងកោះអញ្ជើញឈ្មោះ ចៅ លីដា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ម្ចាស់គណនីបណ្តាញសង្គមឈ្មោះ Bu Er បានជេរប្រមាថទៅលេីកម្លាំងសមត្ថកិច្ចដែលកំពុងអនុវត្តច្បាប់ចរាចរណ៍ ធ្វើអោយប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ ។

ក្រោយការឃាត់ខ្លួន អាណាព្យាបាលជនសង្ស័យបានធ្វើលិខិតធានា និងសមត្ថកិច្ចបានធ្វើការអប់រំណែនាំមុនអនុញ្ញាតអោយវិលត្រឡប់ទៅគេហដ្ឋានវិញ ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងអង្គភាពសារព័ត៌មានទាំងអស់មេត្តាជ្រាបជាព័ត៌មាន ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប


