ឃាត់ខ្លួនបុរសម្នាក់ ធ្វើសកម្មភាពលួចរថយន្តក្រុងទេសចរណ៍ ត្រូវម្ចាស់រថយន្តដេញបើកតាមចាប់ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល រួមទាំងវត្ថុតាង
ខេត្តកណ្ដាល៖ នគរបាលស្រុកខ្សាច់កណ្ដាល ចាប់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីជនសង្ស័យរូបនេះ ធ្វើសកម្មភាពលួចរថយន្តក្រុង ២៥កៅដែលម្ចាស់គេចតលើចិញ្ចើមផ្លូវ នៅវេលាម៉ោង៨និង១៥នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិវិហារសួគ៌ត្បូងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនឈ្មោះ ប៉ិ ពេញ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ មានទីលំនៅភូមិអណ្តូងត្រំ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំណែកជនរងគ្រោះឈ្មោះជនរងគ្រោះឈ្មោះ ព្រំ សុខយឿន ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ត មានទីលំនៅផ្ទះលេខ 1E0 E1 ផ្លូវលំភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាម្ចាស់រថយន្តម៉ាក TOYOTA COASTER ពណ៌សប្រភេទទេសចរណ៍ ២៥កៅអី ពាក់ផ្លាកលេខភ្នំពេញ3F-2898។
ប្រភពដដែលបន្តថា នៅកើតហេតុថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០វេលាម៉ោង៨និង០០នាទី ជនរងគ្រោះបានបើករថយន្តរបស់ខ្លួនមកចតនៅចិញ្ចើមផ្លូវជាតិលេខ៨ មុខផ្ទះឈ្មោះ ហេង ថន ដោយពុំបានដកសោររថយន្តចេញទេ រួចជនរងគ្រោះបានចូលទៅអង្គុយផឹកកាហ្វេនៅក្នុងផ្ទះរបស់ឈ្មោះ ហេង ថន ។ លុះមកដល់វេលាម៉ោង៨និង១៥នាទី ស្រាប់តែជនសង្ស័យ ពុំដឹងជាមកពីណា មកលួចរថយន្តរបស់ជនរងគ្រោះរួចបើកតាមផ្លូវជាតិលេខ៨.ឆ្ពោះទៅទិសខាងកើត បានបន្តិចជនរងគ្រោះដឹងថាបាត់រថយន្ត ស្រែកផ្អើលឆោឡោ នឹងពឹងអ្នកហូបកាហ្វេជាមួយឲ្យបើករថយន្តដេញតាម ពេលមកដល់ភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំងខេត្តព្រៃវែង ទើបតាមទាន់ហើយចាប់ឃាត់ជនសង្ស័យនិងរថយន្តរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ពពិល រួចប្រគល់ខ្លួនជនសង្ស័យឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្ដាល រួមទាំងវត្ថុតាង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕





ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ