ប្រពន្ធនិងកូនស្រែកយំស្ទើរខ្សោះខ្លួន ក្រោយប្តីត្រូវអ្នកជិតខាងបាញ់សម្លាប់ សង្ស័យរឿងគំនុំ (មានវីដេអូ)
ភ្នំពេញ ៖ បុរសម្នាក់ ដែលជាជាងកាត់សក់ត្រូវបានខ្មាន់កាំភ្លើងបាញ់មួយគ្រាប់កណ្តាលដើមទ្រូង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងភ្លាមៗ រួចខ្មាន់កាំភ្លើងនោះ បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ទល់មុខហាងកាត់សក់ យីហោ “សុខម៉េង កាត់សក់” ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២៩១ កែងនឹងផ្លូវលេខ៥៦៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។

ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់នោះមានឈ្មោះថា សុខ សុឆន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរជាងកាត់សក់ មានប្រពន្ធនិងកូន៤នាក់ក្នុងបន្ទុក បច្ចុប្បន្នស្នាក់នៅផ្ទះជួលកន្លែងកើតហេតុកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ចំណែកឯខ្មាន់កាំភ្លើងក្រោយពេលធ្វើសកម្មភាពបាញ់សម្លាប់ហើយនោះ បានគេចខ្លួនបាត់ស្រមោលតែម្តង ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានផឹកស៊ី នៅតូបលក់ចាភួយនៅមុខហាងកាត់សក់ ពេលកំពុងផឹកស៊ី ស្រាប់តែមានទំនាស់ពាក្យសម្តីជាមួយអ្នកជិតខាងគ្នា ស្រាប់តែភ្លាមនោះបុរសម្នាក់ដែលជាខ្មាន់កាំភ្លើង បានដើរសំដើរទៅជនរងគ្រោះ ដែលកំពុងរៀបចំឥវ៉ាន់យកចូលផ្ទះ ដល់មុខផ្ទះរួចដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក់បាញ់ចំកណ្តាលដើមទ្រូងជនរងគ្រោះចំនួនមួយគ្រាប់ បណ្តាលឲ្យជនរងគ្រោះដួលដាច់ខ្យល់ស្លាប់មួយរំពេច ហើយជនបង្កក៏រត់គេចខ្លួនបាត់ស្រមោលតែម្ដង ។
ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះនឹងជនសង្ស័យគឺជាអ្នកជិតខាងគ្នា និងតែងតែទាស់ពាក្យសម្តីគ្នា មិននឹកស្មាន់គ្រាន់តែទំនាស់អ្នកជិតខាងចឹងសោះ ដល់ថ្នាក់បាញ់សម្លាប់គ្នាដូច្នោះទេ ។
បច្ចុប្បន្នជនសង្ស័យខាងលើកំពុងរត់គេខ្លួន ចំណែកឯសមត្ថកិច្ចបានកំណត់មុខសញ្ញា និងស្គាល់អត្តសញ្ញាណជនសង្ស័យហើយនិងកំពុងស្រាវជ្រាវតាមចាប់ជនយកមកផ្តន្ទាទោសតាមច្បាប់ ៕

ដោយ៖ បងម៉េង ខ្មែរណូត