បើករថយន្តទំនើប Ford F-150 បោះពួយយ៉ាងលឿនទៅបុករ៉ឺម៉កដឹកទូកញ្ចក់ដាច់ខ្ទេចខ្ទី របួសធ្ងន់៣នាក់ក្រោមតំណក់ភ្លៀង ហេីយបេីករត់យកទៅប្លុងទុករថយន្តចោល រួចគេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក Ford F-150 4×4 Platinum មួយគ្រឿង បោះពួយយ៉ាងលឿន ទៅបុកម៉ូតូសណ្តោងរ៉ឺម៉តូដឹកទូរកញ្ចក់ ដាច់ពីរបីកំណាត់ បែកកញ្ចក់ខ្ទាតរាយប៉ាយពេញថ្នល់ បណ្តាលបុរស៣នាក់ រងបួសធ្ងន់រណូករណែន ក្រោមដំណក់ទឹកភ្លៀង រួចបើករថយន្តរត់យកទៅប្លុងចោល ហើយគេចខ្លួនបាត់ កាលពីវេលាម៉ោង០៨យប់ ថ្ងៃអាទិត្យ ទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចស្តុបនាគបាញ់ទឹក ផ្លូវបែកជាបួន តាមផ្លូវព្រះសុធារស កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកហ្វត (Ford F-150 4×4 Platinum) ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BI-6667 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុធារស ទិសដៅពីត្បូងទៅជើង បោះពួយក្នុងល្បឿនលឿនដូចហោះ ទាំងមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូត ទៅបុកម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿង ដឹកទូរកញ្ចក់ ជិះគ្នា៣នាក់ បើកបញ្ច្រាសទិសដៅគ្នាពីជើងទៅត្បូងពេញទំហឹង បណ្តាលឲ្យម៉ូតូនិងរ៉ឺម៉កបែកបាក់ដាច់ជាពីបីកំណាត់ និងកញ្ចក់បែកខ្ទាតរាយប៉ាយពេញផ្លូវ បណ្តាលឲ្យបុរសទាំង៣នាក់រងរបួសធ្ងន់ ដេករណូករណែនពេញផ្លូវក្រោមដំណក់ទឹកភ្លៀង ក្នុងនោះមានបុរសម្នាក់ របួសខ្ទេចប្រអប់ជើងខាងស្តាំ បង្កការភ្ញាក់ផ្អើលដល់អ្នកឃើញហេតុការណ៍រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ទំនាក់ទំនងរករថយន្តសង្គ្រោះគ្លីនិកឯកជន សុងការណ៍ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ចំណែករថយន្តបង្កបានព្យាយាមបើករត់ មកដល់ចំណុចផ្លូវលេខ២៥២ កែងផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងចតុមុខ ខណ្ឌដូនពេញ ក៏ទុករថយន្តចោល ហើយបានទូរស័ព្ទហៅមិត្តភក្តិបើករថយន្តមកយកគេចខ្លួនបាត់ស្រមោល រថយន្តបង្ក ត្រូវបានប្រជាពលរដ្ឋប្រទះឃើញហេតុការណ៍នេះមានចិត្តល្អបានជិះម៉ូតូតាមរកទាំងភ្លៀង រហូតប្រទះឃើញរថយន្តនៅចំណុចខាងលើ ក៏បានរាយការណ៍ជូនសមត្ថកិច្ចឲ្យចុះមកពិនិត្យមើល និងធ្វើការតាមជំនាញផងដែរ ។
បច្ចុប្បន្នក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលទន្លេបាសាក់ បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកយករថយន្តនិងកម្ទេចកម្ទីរ៉ឺម៉ក យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំធ្វើការស្រាវជ្រាវ រកម្ចាស់រថយន្តអោយចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយ៖ បងម៉េង ខ្មែរណូត