សូមប្រយ័ត្ន! ចាប់ពីថ្ងៃស្អែកដល់ថ្ងៃទី០៦ នឹងមានភ្លៀងធ្លាក់រាយប៉ាយ ខ្យល់ខ្លាំង និងអាចមានជំនន់ទឹកភ្លៀង
យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តាមរយៈតាមដាននៃវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ប្រព័ន្ធសម្ពាធទាប នឹងបន្តអូសបន្លាយឆ្លងកាត់លើកម្ពុជា ដោយភ្ជាប់មកជាមួយសម្ពាធទាបមួយ នៅលើសមុទ្រចិនខាងត្បូង ដែលធ្វើឲ្យស្ថានភាពប្រែប្រួលដូចខាងក្រោម៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។
នៅថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់ពីនោះនឹងបង្កើនការធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីបង្គួរទៅច្រើន ជាពិសេសបណ្តាខេត្តនៅភាគពាយ័ព្យ។
២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ។
៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ។
ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មក ភ្លៀងនឹងបន្តបង្កើនការធ្លាក់ក្នុងកម្រិតពីបង្គួរទៅច្រើន។
ក្រសួងក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងជំនន់ទឹកភ្លៀង ជាពិសេសប្រជាពលរដ្ឋរស់ននៅទីទំនាបក្បែរផ្លូវទឹក ជាប់តំបន់ភ្នំនៃបណ្តាខេត្តភាគពាយ័ព្យជាប់ប្រទេសថៃ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តជាប់ជួរភ្នំក្រវាញ។ ជាមួយគ្នានោះ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់ បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី៣-៦ ខែតុលា៕
