សាកល្បងប្រើសំបកចេកទុំក្នុងរបៀបប្លែកបែបនេះ ហើយអ្នកប្រាកដជាភ្ញាក់ផ្អើល និងពេញចិត្តចំពោះលទ្ធផល
អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ ក៏ដូចជារបៀបក្នុងការប្រើប្រាស់សំបកចេកដើម្បីដោះស្រាយបញ្ហាសម្រស់បានជាច្រើន ៖
១. ដើម្បីកាត់បន្ថយមុន ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដុសពេញលើស្បែកមុខ ហើយទុកចោលសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី សឹមលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។ អនុវត្តន៍ឲ្យបាន ២ ក្នុងមួយថ្ងៃជាប្រចាំ។ សំបកចេកមានផ្ទុកនូវវីតាមីន C និង E រួមទាំង ប៉ូតាស្យូម ស័ង្កសី ដែក ម៉ង់ហ្គាណែស សារជាតិ lutein និង carotenoids ដែលមានប្រសិទ្ធភាពព្យាបាល ក៏ដូចជាប្រយុទ្ធប្រឆាំង ការរលាក និងរោគមុន។

២. ដើម្បីកាត់បន្ថយភាពជ្រីវជ្រួញនៃស្បែក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដុសពេញលើស្បែកមុខរបស់អ្នក ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី ឬពេញមួយយប់ និងលាងសម្អាតចេញដោយប្រើទឹកធម្មតា រួចលាបក្រែមផ្ដល់សំណើមជាការស្រេច។ អនុវត្តន៍ឲ្យបាន ៣ ដង ក្នុងមួយសប្តាហ៍។ ស្នាមជ្រួញលើផ្ទៃមុខកើតឡើងនៅពេលស្បែកបាត់បង់ភាពយឺត និងភាពរឹងមាំតឹងណែនរបស់វា ហើយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមជាមួយវីតាមីន C ដែលមានផ្ទុកនៅក្នុងសំបកចេកអាចជួយកាត់បន្ថយការស្នាមជ្រីវជ្រួញទាំងនោះបាន។

៣. ធ្វើឲ្យធ្មេញប្រែជាសស្អាត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺជាដំបូងដុសសម្អាតធ្មេញ និងលាងសម្អាតចេញដូចពេលធម្មតា។ បន្ទាប់មកសឹមយកសំបកចេកផ្នែកខាងក្នុងមកដុសលើធ្មេញសម្រាប់រយៈពេល ២ នាទី សឹមលាងសម្អាតមាត់ចេញម្ដងទៀតជាការស្រេច។ ចូរព្យាយាមអនុវត្តន៍ឲ្យបានជាប្រចាំ។ សំបកចេកទុំមានផ្ទូកសម្បូរទៅដោយប៉ូតាស្យូមដែលជួយកាត់បន្ថយស្នាមលឿងដែលជាប់លើធ្មេញ។

៤. កាត់បន្ថយរូបរាងនៃស្នាមសម្លាក ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកមកដាក់ ឬបិតលើតំបន់ដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១ ម៉ោង ឬពេញមួយយប់ជាការស្រេច។ អនុវត្តន៍ឲ្យបានជាប្រចាំ រហូតទទួលបានលទ្ធផលជាទីគាប់ចិត្ត។

៥. ជួយព្យាបាលអាការៈឈឺក្បាល និងឈឺប្រកាំង ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាក់បង្កកសំបកចេកក្នុងទូរទឹកកកកន្លែងកកសម្រាប់រយៈពេល ១ ម៉ោង បន្ទាប់មកយកសំបកចេកមួយបន្ទះស្អំលើថ្ងាស និងមួយបន្ទះទៀតលើកញ្ចឹង-ក របស់អ្នក ហើយទុកចោលរហូតដល់វាប្រែជាឈប់ត្រជាក់ជាការស្រេច។ អនុវត្តន៍សារឡើងវិញ ប្រសិនបើអ្នកនៅតែមានអារម្មណ៍ថា ឈឺក្បាល។

៦. បំបាត់ស្បែករមាស់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកសំបកចេកផ្នែកខាងក្នុងបិតលើតំបន់ដែលរមាស់ដោយសារមូសខាំជាដើម ហើយទុកសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី ជាការស្រេច៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside