ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បើកឡានលឿន ហើយខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកខឿនបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បាក់កាឡេបើកទៅមុខលែងរួច

    BY Khmernote Media September 30, 2020
    បើកឡានលឿន ហើយខ្វះការប្រុងប្រយ័ត្នរេចង្កូតបុកខឿនបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ បាក់កាឡេបើកទៅមុខលែងរួច

    រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត កាម៉ារីហាយប្រ៊ីត ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ក៏រេចង្កូតទៅបុកខឿនបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យពេញទំហឹង បណ្ដាលឲ្យបាក់កាឡេកង់មុខខាងស្ដាំអូសនឹងថ្នល់បើកទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងល្អ ម្ចាស់រថយន្តមិនមានរបួសនោះទេ ។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងកាលពីវេលាម៉ោង០៥:១៥នាទីព្រឹកព្រលឹម ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ(ផ្នែកខាងលិច) លើកំណាត់ផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យក្រុមការងារខ្មែរណូតដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កខាងលើ ម៉ាកកាម៉ារីហាយប្រីត (CAMRY Hybrid) ពណ៌ស្ករ ពាក់ស្លាកលេខកណ្ដាល 2C-2019 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន និងបួងចង្កូតផ្លូវកោង មកដល់ចំណុចកើតហេតុ ឡើងស្ពានខ្វះការប្រុងប្រយ័ត្ន ស្រាប់តែឃើញរថយន្តរេចង្កូតទៅបុកខឿនបង្កាន់ដៃគល់ស្ពានពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តបាក់កាឡេកង់មុខខាងស្ដាំអូសនឹងថ្នល់ ខ្ទាតទៅបញ្ឆិតទទឹងលើស្ពាន បើកទៅមុខលែងរួច ខូចខាតយ៉ាងដំណំ តែសំណាងល្អ ម្ចាស់រថយន្តមិនមានរបួសនោះទេ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ចំណុចកើតហេតុនោះ រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលផងដែរ។

    បច្ចុប្បន្នក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍អូរបែកក្អម និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុ រួចរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំដោះស្រាយតាមច្បាប់៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: