កុំតែបានអ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ច កុំអីក៏មិនដឹងថា បុរសនេះប្រព្រឹត្តអំពើស្មោកគ្រោកដាក់កូនស្រីច្រើនដងបែបនេះដែរ
ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ក្រោយចាប់រំលោភកូនស្រីចុងអាយុ១១ឆ្នាំបានសម្រេចរហូតដល់ទៅ៨ដង។ ហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះ សាញ់ រតនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកលេងភ្លេងការ រស់នៅភូមិកើតហេតុខាងលើ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ច ព រ អាយុ១១ឆ្នាំ មុខរបរសិស្សសាលា រស់នៅជាមួយគ្នាជនសង្ស័យ។ បើតាមសមត្ថកិច្ចនគបាលប៉ុស្ត៍រដ្ឋបាលឃុំស្វាយរំពារបានឲ្យដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្វាយរំពារថា មានករណីឪពុកចុងបង្ខំកូនស្រីចុងរួមភេទ ហើយសមត្ថកិច្ចក៏បានចេញប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យមកធ្វើការសាកសួរ។
សមត្ថកិច្ចបញ្ជាក់ថា តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនពិតជាបានបង្ខំកូនស្រីចុងរួមភេទពិតប្រាកដមែន បានចំនួនពី៧ទៅ៨ដងតាំងពីខែមករា ឆ្នាំ២០២០មកដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ។ បើតាមសមត្ថកិច្ចឲ្យដឹងទៀតថា ជនសង្ស័យតែងតែចាប់កូនស្រីរំលោភនៅពេលប្រពន្ធដែលជាម្តាយកុមារីរងគ្រោះមិននៅផ្ទះ ដោយស្រ្តីជាម្តាយក៏ជាអ្នកចំរៀងភ្លេងការ។នេះជាឱកាសប្តីតែងតែរកលេះទៅនេះទៅនោះនិងត្រឡប់ទៅផ្ទះមុនប្រពន្ធ ពេលមកដល់ផ្ទះក៏ចាប់បង្ខំកូនស្រីរួមភេទ ហើយគម្រាមកូនស្រីមិនឲ្យប្រាប់ម្តាយបើប្រាប់នឹងវាយធ្វើបាបទើបនាងមិនហ៊ានប្រាប់ម្តាយ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យមកអធិការដ្ឋាននគបាលស្រុកស្វាយទាប ដើម្បីកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគបាលខេត្តស្វាយរៀងចាត់ការបន្តតាមនីតិវិធី៕
