មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងលោកជុំទាវ មេឡានៀ ត្រាំ បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩
យោងតាមសារព័ត៌មាន Channel News Asia នារសៀ់លថ្ងៃសុក្រ ទី០២ ខែតុលា ឆ្នាំ២០២០ បានចុះផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងលោកជុំទាវទី១ មេឡានៀ ត្រាំ បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 បន្ទាប់ពីទទួលដំណឹងថា ជំនួយការរបស់លោកប្រធានាធិបតីគឺអ្នកស្រី Hope Hicks បានតេស្ដវិជ្ជមានជាមួយជំងឺ ហើយអ្នកទាំង ២ បាននៅដាច់ដោយឡែកដើម្បីរង់ចាំលទ្ធផលនៃការធ្វើតេស្ដនេះ។

លោក ដូណាល់ ត្រាំ បានសរសេរនៅលើបណ្ដាញ Twitter ថា៖«យប់នេះ ភរិយាខ្ញុំ និងខ្ញុំបានតេស្តវិជ្ជមានសម្រាប់ ជំងឺ COVID-19 ។ យើងនឹងចាប់ផ្តើមធ្វើការនៅដាច់ដោយឡែកពីគ្នា និងការព្យាបាលភ្លាមៗ។ យើងនឹងឆ្លងកាត់វាទាំងអស់គ្នា!»។ រំលឹកដែរថាកាលពីថ្ងៃព្រហស្បតិ៍ លោក ដូណាល់ ត្រាំ ធ្លាប់បានប្រាប់ថា លោកនិងភរិយាកំពុងធ្វើចត្តាឡីស័ក ក្រោយបានដឹងថាជំនួយការកំពូលរបស់លោកគឺអ្នកស្រី Hope Hicks បានឆ្លងជំងឺកូវីដ១៩។
គ្រូពេទ្យរបស់ប្រធានាធិបតីគឺលោក Sean Conley បានចេញកំណត់ហេតុមួយទៅកាន់អ្នកសារព័ត៌មាន ដែលក្នុងនោះលោកបានទទួលការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមាននៅល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងអាមេរិក)។ លោកវេជ្ជបណ្ឌិត Conley បានសរសេរថា៖«ប្រធានាធិបតី និងជំទាវទី ១ គឺមានសុខភាពល្អនៅពេលនេះ ហើយពួកគេគ្រោងនឹងស្នាក់នៅក្នុងសេតវិមានក្នុងអំឡុងពេលនៃការព្យាបាលនេះ»។
លោកបានបន្ថែមថា៖«ក្រុមគ្រូពេទ្យនៅសេតវិមាន ហើយខ្ញុំនឹងរក្សាការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ហើយខ្ញុំសូមកោតសរសើរចំពោះការគាំទ្រដែលបានផ្តល់ដោយអ្នកជំនាញ និងស្ថាប័នវេជ្ជសាស្ត្រដ៏អស្ចារ្យបំផុតនៅប្រទេសរបស់យើង»។ លោកក៏បាននិយាយផងដែរថា លោករំពឹងថាលោក ដូណាល់ ត្រាំ នឹងបន្តបំពេញភារកិច្ចរបស់លោកក្នុងនាមជាប្រធានាធិបតីដោយគ្មានការរំខាន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia