អស់និយាយ! ដាច់លុយចាយ បែកគំនិតវាយកំទេចផ្លូវថ្នល់ជិត១គីឡូដីគាស់យកសរសៃដែកយកទៅលក់
ចិន៖ ចោរថ្លើមធំម្នាក់បានកំទេចផ្លូវសាធារណៈនៅក្នុងភូមិរបស់ខ្លួនប្រវែងប្រមាណ៨០០ម៉ែត្រ ដើម្បីគាស់យកសរសៃដែកយកទៅលក់យកលុយ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិតូចមួយស្ថិតនៅក្នុងទីក្រុង Suqian ខេត្ត Jiangsu ប្រទេសចិន។ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិខាងលើ និងតែងតែប្រើប្រាស់ផ្លូវនេះជាប្រចាំបានឲ្យដឹងថា នៅពេលល្ងាចពួកគេឃើញផ្លូវនេះនៅធម្មតា ស្រាប់តែព្រឹកឡើងផ្លូវនេះត្រូវបានគេកម្ទេចចោល និងប្រមូលកម្ទេចស៊ីម៉ង់ និងដែកគ្មានសល់ទាល់តែសោះ។
ប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរ ហើយអាជ្ញាធរក៏មានភាពភ្ញាក់ផ្អើលដែរ ព្រោះថាអាជ្ញាធរគ្មានគម្រោងជួសជុល ឬសាងសងផ្លូវនេះថ្មីទេ។ ដូចនេះ មន្ត្រីប៉ូលិសបានបើការស៊ើបអង្គេតករណីមួយនេះ ទើបចុងក្រោយរកឃើញថា បុរសម្នាក់ដែលឈ្មោះថា Zhu បានធ្វើសកម្មភាពកម្ទេចផ្លូវខាងលើនេះក្នុងគោលបំណងយកទៅលក់។ នៅក្នុងស្ថានីយ៍ប៉ូលិស លោក Zhu បានសារភាពថា គាត់គ្មានលុយចាយហើយគាត់ចង់បានប្រាក់ឆាប់រហ័ស ដូចនេះទើបគាត់មានគំនិតដូចនេះ។
គាត់បានបញ្ជាក់ថា ផ្លូវនេះមិនសូវមានគេប្រើប្រាស់ទេ ដូចនេះទើបគាត់សម្រេចធ្វើសកម្មភាពខាងដូចលើ។ ក្នុងប្រតិបត្តិការណ៍ នេះគាត់បានប្រើប្រាស់ឡានកាប់ដី និងឡានទ្រុង ហើយបានគាត់ចំណាយពេលតែមួយយប់ប៉ុណ្ណោះដើម្បីធ្វើសកម្មភាពនេះ។ គាត់បានសារភាពទៀតថា គាត់បានទទួលប្រាក់ ៧៩០ ដុល្លារពីការលក់កម្ទេចស៊ីម៉ង់ និងដែក។ ពេលនេះគាត់ត្រូវបានគេឃុំខ្លួន និងប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ៕
ភក្តី
ប្រភព៖ medium


