នុយក្លែអ៊ែរមិនមែនចង់លុបបំបាត់ លុបបានភ្លាមនោះទេ អ្នកជំនាញអះអាងថា ចង់លុបបំបាត់ទាល់តែចំណាយពេលជាង១០ឆ្នាំឯណោះ
ទីក្រុងវ៉ាស៊ីនតោន៖ កិច្ចប្រជុំរវាងលោកប្រធានាធិបតីអាមេរិក ដូ ណល់ត្រាំ និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងតែត្រូវបានគេរៀបចំឡើងហើយនៅក្នុងប្រទេសសឹង្ហបុរី។ យ៉ាងណាក្តី គេនៅតែមានការព្រួយបារម្ភថា តើគេអាចនឹងលុបបំបាត់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងបានយ៉ាងដូចម្តេចទៅ? យោងតាមសារព័ត៌មានអេឡិចត្រូនិច nbcnews បានធ្វើការចុះផ្សាយថា វាជារឿងពិបាកមួយក្នុងការឲ្យទីក្រុងព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែទាំងស្រុងនោះ។ សារព័ត៌មានបានធ្វើចុះផ្សាយចំណុចសំខាន់ៗ ៣ ដូចជា៖
១. សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង៖ យោងតាមសិក្សា និងវិភាគ គេអាចសន្មត់ថា មកទល់នឹងពេលនេះកូរ៉េខាងជើងមាន ក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៦០គ្រាប់ ហើយគ្រោងនឹងផលិតថែម១២គ្រាប់ក្នុងមួយឆ្នាំបន្ថែមទៀត ដែលចំនួននេះអាចសមល្មមឲ្យកូរ៉េខាងជើងធ្វើព្យុះធ្វើភ្លៀងទៅកាន់ពិភពលោកបាន។
២. អ្វីទៅជាដំណោះស្រាយជុំវិញការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ៖ បើយោងតាមលោក ដូ ណល់ត្រាំបានឲ្យដឹងថា គេមិនអាចបង្ខំ ឬបញ្ជាឲ្យកូរ៉េខាងជើងលុបកម្មវិធីនុយក្លែអ៊ែរបាននោះទេ តែការធ្វើការងាររួមគ្នាជាមួយនឹងកូរ៉េខាងជើង អាចឲ្យគេរកដំណោះស្រាយល្អៗចំពោះកម្មវិធីនុយក្លេអ៊ែរបាន។ យោងតាមលោកសាស្ត្រចារ្យនៅមហាវិទ្យាល័យ Standford គ្រប់គ្រងកម្មវិធីអាវុធរបស់ទីក្រុង Los Alamos និងបានធ្វើដំណើរទៅកន្លែងនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាច្រើនដងបានឲ្យដឹងថា ដំណើរការនៃការលុបបំបាត់នុយក្លែអ៊ែរទាមទាររយៈពេលវែង បច្ចេកទេសខ្ពស់ និងស្មុគស្មាញណាស់ ហើយបើតាមការប៉ាន់វាត្រូវចំណាយពេលប្រមាណ១៥ឆ្នាំទើបលុបបំបាត់បាន
៣. តើមានរឿងអ្វីកើតឡើងខ្លះមុនពេលការចរចាមកដល់?៖ ដូចដែរលោកធ្លាប់ដឹងរួចមកហើយ មុនកិច្ចចរចាមកដល់ សង្គ្រាមពាក្យសំដីរវាងអាមេរិក និងកូរ៉េខាងជើងបានកើតមានជារហូរហែរ។ ការគំរាមដោយការប្រើប្រាស់កម្លាំងយោធានក៏កើតមានច្រើនដែរ។ យ៉ាងណាចុងក្រោយនេះ ការសម្រេចធ្វើសម្បទានឲ្យគ្នាទៅវិញទៅមក ទើបធ្វើឲ្យមេដឹងនាំទាំងពីរអាចអង្គុយជជែកគ្នាបាន។ យ៉ាងណាក្តី គេកំពុងរង់ចាំមើលលទ្ធផលល្អៗ ចេញពីកិច្ចប្រជុំជាប្រវត្តិសាស្រ្តរវាងមេដឹងនាំនៃប្រទេសទាំងពីរនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ nbcnews