លោក គីម ជុងអ៊ុន និងលោក ត្រាំ ចុះហត្ថលេខាយល់ព្រមលុបបំបាត់នុយក្លែអ៊ែរនៅកូរ៉េខាងជើងហើយ (មានវីដេអូ)
សិង្ហបុរី៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ ជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំអាមេរិក លោក ដូណល់ ត្រាំ ជាមួយនឹងប្រមុខដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅលើកោះ Sentosa របស់ប្រទេសសិង្ហបុរី បានប្រព្រឹត្តិទៅយ៉ាងរលូត។
បន្ទាប់ពីជំនួបពិភាក្សាអស់រយៈពេលមួយព្រឹករួចមក ឥលូវនេះបានចេញផ្លែផ្កាហើយ ដោយមេដឹកនាំទាំង២បានយល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀង “ដំណើរឆ្ពោះទៅរកការលុបបំបាត់នូវអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ”។ ហើយឯកសារនោះក៏បង្ហាញថា មេដឹកនាំទាំង២នឹងធ្វើការរួមគ្នា ឆ្ពោះទៅរកការបង្កើត “ទំនាក់ទំនងថ្មីរវាងអាមេរិក និងកូរ៉េខាងជើង” ផងដែរ។
លោកប្រធានាធិបតី ត្រាំ និងលោកគីម ជុងអ៊ុន បានធ្វើការផ្លាស់ប្តូរមតិគ្នាលើបញ្ហា ដែលទាក់ទងនឹងការបង្កើតទំនាក់ទំនងថ្មីរវាងអាមេរិក និងកូរ៉េខាងជើង និងការកសាងសន្តិភាពយូរអង្វែង និងរឹងមាំលើឧបទ្វីបកូរ៉េ។ លោក ត្រាំ ក៏បានប្តេជ្ញាផ្តល់ការធានាសន្តិសុខដល់កូរ៉េខាងជើង ហើយលោក គីម ជុងអ៊ុន ក៏បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ៕

អត្ថបទ៖ ឌី
ប្រភព៖ CNN